១ សាំយូអែល 18:6-9

១ សាំយូអែល 18:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​ត្រឡប់​មកវិញ គឺ​ពេល​ដែល​ដាវីឌ​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​វិញ​ហើយ ស្រ្តី​ៗក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង លោត​កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ដោយ​ឧបករណ៍​តន្ត្រី​ផ្សេងៗ។ កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖ «សូល​បាន​សម្លាប់​ទាំង​ពាន់ ដាវីឌ​ទាំង​ម៉ឺន»។ ដូច្នេះ ស្ដេច​សូល​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «គេ​បាន​រាប់​ជា‌មួយ​ម៉ឺន​ដល់​ដាវីឌ តែ​យើង​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ»។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ស្ដេច​សូល​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។

១ សាំយូអែល 18:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​សូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ‌តន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីក‌រាយ​ថា៖ «ព្រះ‌បាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។ ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​សូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ»។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌បាទ​សូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។

១ សាំយូអែល 18:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​កាល​ដែល​គេ​ត្រឡប់​វិល​មក គឺ​នៅ​វេលា​ដែល​ដាវីឌ​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​វិញ​ហើយ នោះ​ពួក​ស្រី​ទាំង‌ឡាយ ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង នឹង​លោត‌កញ្ឆេង ហើយ​បន្ទរ​ក្រាប់ នឹង​ប្រដាប់​ភ្លេង​ផ្សេងៗ កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន ដូច្នេះ សូល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ថា គេ​បាន​រាប់​ជា​១​ម៉ឺន​ដល់​ដាវីឌ តែ​អញ​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ​ទេ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក សូល​ទ្រង់​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។