១ សាំយូអែល 18:6-16
១ សាំយូអែល 18:6-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេត្រឡប់មកវិញ គឺពេលដែលដាវីឌមកពីសម្លាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ ស្រ្តីៗក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង លោតកញ្ឆេង ហើយបន្ទរក្រាប់ និងដោយឧបករណ៍តន្ត្រីផ្សេងៗ។ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា៖ «សូលបានសម្លាប់ទាំងពាន់ ដាវីឌទាំងម៉ឺន»។ ដូច្នេះ ស្ដេចសូលមានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះហឫទ័យទ្រង់ ហើយទ្រង់មានរាជឱង្ការថា៖ «គេបានរាប់ជាមួយម៉ឺនដល់ដាវីឌ តែយើងបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ស្ដេចសូលចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។ ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង ខណៈនោះ ស្ដេចសូលក៏ពួយដែកពួយទៅ ដោយនឹកថា «យើងនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង» តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈពីរដង។ ដូច្នេះ ស្ដេចសូលក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាគង់នៅជាមួយលោក តែបានថយចេញពីទ្រង់វិញ ហេតុដូច្នោះ ស្ដេចសូលក៏ដកហូតដាវីឌចេញ ហើយតម្រូវឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្ដាទ័ពចេញចូល។ លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាគង់ជាមួយផង។ ពេលស្ដេចសូលឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ ទ្រង់កោតខ្លាចដល់លោក តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ព្រោះលោកជាអ្នកនាំមុខគេចេញចូល។
១ សាំយូអែល 18:6-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។ លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ ហេតុនេះហើយទើបព្រះរាជាឲ្យលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង ហើយលោកតែងតែបានទទួលជ័យជម្នះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។ ពេលឃើញលោកដាវីឌមានជ័យជម្នះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។ ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។
១ សាំយូអែល 18:6-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង នឹងលោតកញ្ឆេង ហើយបន្ទរក្រាប់ នឹងប្រដាប់ភ្លេងផ្សេងៗ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន ដូច្នេះ សូលទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។ លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង ខណនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង ដូច្នេះសូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ ហេតុដូច្នោះសូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយដំរូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក តែពួកអ៊ីស្រាអែល នឹងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។