១ សាំយូអែល 18:5-9
១ សាំយូអែល 18:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ដាវីឌចេញទៅគ្រប់ទីកន្លែងតាមដែលស្ដេចសូលប្រើ ហើយតែងតែទទួលបានជោគជ័យ រួចស្ដេចសូលតាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកប្រជាជន និងពួកមហាតលិករបស់ស្ដេចសូលមានការពេញចិត្តជាខ្លាំង។ កាលគេត្រឡប់មកវិញ គឺពេលដែលដាវីឌមកពីសម្លាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ ស្រ្តីៗក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង លោតកញ្ឆេង ហើយបន្ទរក្រាប់ និងដោយឧបករណ៍តន្ត្រីផ្សេងៗ។ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា៖ «សូលបានសម្លាប់ទាំងពាន់ ដាវីឌទាំងម៉ឺន»។ ដូច្នេះ ស្ដេចសូលមានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះហឫទ័យទ្រង់ ហើយទ្រង់មានរាជឱង្ការថា៖ «គេបានរាប់ជាមួយម៉ឺនដល់ដាវីឌ តែយើងបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ស្ដេចសូលចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។
១ សាំយូអែល 18:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
១ សាំយូអែល 18:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ដាវីឌត្រាច់ទៅគ្រប់ទីកន្លែងតាមដែលសូលទ្រង់ប្រើ ហើយក៏តែងប្រព្រឹត្តដោយប្រាជ្ញា រួចមកសូលទ្រង់តាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកបណ្តាជន នឹងពួកមហាតលិករបស់សូល គេមានសេចក្ដីពេញចិត្តជាខ្លាំង។ គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង នឹងលោតកញ្ឆេង ហើយបន្ទរក្រាប់ នឹងប្រដាប់ភ្លេងផ្សេងៗ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន ដូច្នេះ សូលទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។