១ សាំយូអែល 18:17-24

១ សាំយូអែល 18:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។ ដាវីឌ​ទូល​ឆ្លើយ​ទៅ​សូល​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី ឬ​ជីវិត​ទូល‌បង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ជា​កូន​ប្រសា​របស់​ព្រះ‌ករុណា​ដូច្នេះ?» តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប បុត្រី​ស្ដេច​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូ‌ឡា​វិញ។ ឯ​មីកាល​ជា​បុត្រី​ស្ដេច​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​ស្ដេច​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់ ស្ដេច​សូល​នឹក​ថា៖ «អញនឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​បាន​ទាស់​នឹង​វា»។ ដូច្នេះ ស្ដេច​សូល​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​យើង ដោយ‌សារ​នាង​បន្ទាប់ នេះ​វិញ»។ ស្ដេច​សូល​ក៏​បង្គាប់​ដល់​ពួក​មហា‌តលិក​ថា៖ «ចូរ​និយាយ​ប្រលោម​ដាវីឌ​ដោយ​សម្ងាត់​ថា "មើល៍ ស្តេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ណាស់ ហើយ​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​ដល់​លោក​ដែរ ដូច្នេះ សូម​លោក​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ទៅ"»។ ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ដែល​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន​សូវ​រាប់​អាន​ផង​នោះ?» ពួក​មហា‌តលិក​ក៏​នាំ​ពាក្យ​នោះ​ទៅ​ក្រាប​ទូល​ដល់​ទ្រង់​ថា៖ «ដាវីឌ​បាន​និយាយ​ដូច្នេះ»។

១ សាំយូអែល 18:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាម​ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះ‌អម្ចាស់»។ លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូលបង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល បាន​ជា​ទូលបង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ?»។ ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ម៉្រាម នោះ​ព្រះ‌បាទ​សូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អទ្រី‌អែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។ ពេល​នោះ ព្រះ‌នាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​គាប់​ព្រះ‌ហឫទ័យ​ណាស់។ ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន»។ ដូច្នេះ ព្រះ‌បាទ​សូល​ស្នើ​ជា​លើក​ទី​ពីរ​ឲ្យ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។ ព្រះ‌បាទ​សូល​បញ្ជា​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បម្រើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ទៅ”»។ ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ ជា​រឿង​តូច‌តាច​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សម‌រម្យ​ផង!»។ ពួក​រាជ​បម្រើ​នាំ​ពាក្យ​សម្ដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្ដេច​វិញ។

១ សាំយូអែល 18:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា មើល​អញ​នឹង​ឲ្យ​នាង​ម៉្រាប ជា​កូន​ច្បង​របស់​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​បាន​ធ្វើ​ជា​អ្នក​ក្លាហាន សំរាប់​អញ ហើយ​ច្បាំង​ចំបាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពី​ព្រោះ​សូល​មាន​បំណង​ថា កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​ធ្វើ​វិញ​ចុះ ដាវីឌ​ទូល​ឆ្លើយ​នឹង​សូល​ថា តើ​ទូលបង្គំ​ជា​អ្វី ឬ​ជីវិត​ទូលបង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួ​នៃ​ឪពុក​ទូលបង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រាអែល បាន​ជា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​កូន​ប្រសា​នៃ​ទ្រង់​ព្រះ‌ករុណា​ដូច្នេះ តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​បាន​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូឡា​វិញ ឯ​មីកាល ជា​បុត្រី​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ទ្រង់ ដោយ​បំណង​ថា អញ​នឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ឲ្យ​បាន​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​បាន​ទាស់​នឹង​វា ដូច្នោះ​សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​អញ ដោយ‌សារ​នាង​បន្ទាប់​នេះ​វិញ។ សូល​ទ្រង់​ក៏​បង្គាប់​ដល់​ពួក​មហា‌តលិក​ថា ចូរ​និយាយ​ប្រលោម​ដាវីឌ​ដោយ​សំងាត់​ថា មើល ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​លោក​ណាស់ ហើយ​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​ដល់​លោក​ដែរ ដូច្នេះសូម​លោក​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ទៅ ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ឯ​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន‌សូវ​រាប់​អាន​ផង នោះ​ពួក​មហា‌តលិក​ក៏​នាំ​សេចក្ដី​ទៅ​ក្រាប​ទូល​ដល់​ទ្រង់ អំពី​ដាវីឌ​បាន​និយាយ​យ៉ាង​នោះ