១ សាំយូអែល 18:1-30
១ សាំយូអែល 18:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលដាវីឌបានទូលស្ដេចសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តរបស់ដាវីឌ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ។ នៅថ្ងៃនោះ ស្ដេចសូលក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅផ្ទះរបស់ឪពុកវិញទៀតទេ។ ខណៈនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក។ លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសម្លៀកបំពាក់របស់លោក ដាវ ធ្នូ និងខ្សែក្រវាត់ផង។ គ្រានោះ ដាវីឌចេញទៅគ្រប់ទីកន្លែងតាមដែលស្ដេចសូលប្រើ ហើយតែងតែទទួលបានជោគជ័យ រួចស្ដេចសូលតាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកប្រជាជន និងពួកមហាតលិករបស់ស្ដេចសូលមានការពេញចិត្តជាខ្លាំង។ កាលគេត្រឡប់មកវិញ គឺពេលដែលដាវីឌមកពីសម្លាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ ស្រ្តីៗក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង លោតកញ្ឆេង ហើយបន្ទរក្រាប់ និងដោយឧបករណ៍តន្ត្រីផ្សេងៗ។ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា៖ «សូលបានសម្លាប់ទាំងពាន់ ដាវីឌទាំងម៉ឺន»។ ដូច្នេះ ស្ដេចសូលមានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះហឫទ័យទ្រង់ ហើយទ្រង់មានរាជឱង្ការថា៖ «គេបានរាប់ជាមួយម៉ឺនដល់ដាវីឌ តែយើងបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ស្ដេចសូលចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។ ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង ខណៈនោះ ស្ដេចសូលក៏ពួយដែកពួយទៅ ដោយនឹកថា «យើងនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង» តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈពីរដង។ ដូច្នេះ ស្ដេចសូលក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាគង់នៅជាមួយលោក តែបានថយចេញពីទ្រង់វិញ ហេតុដូច្នោះ ស្ដេចសូលក៏ដកហូតដាវីឌចេញ ហើយតម្រូវឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្ដាទ័ពចេញចូល។ លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាគង់ជាមួយផង។ ពេលស្ដេចសូលឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ ទ្រង់កោតខ្លាចដល់លោក តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ព្រោះលោកជាអ្នកនាំមុខគេចេញចូល។ នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។ ដាវីឌទូលឆ្លើយទៅសូលថា៖ «តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួសាររបស់ឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើជាកូនប្រសារបស់ព្រះករុណាដូច្នេះ?» តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប បុត្រីស្ដេចសូលទៅដាវីឌ នោះត្រឡប់ទៅជាលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ។ ឯមីកាលជាបុត្រីស្ដេចសូល នាងប្រតិព័ទ្ធស្រឡាញ់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល ការនោះក៏គាប់ព្រះហឫទ័យដល់ទ្រង់ ស្ដេចសូលនឹកថា៖ «អញនឹងឲ្យនាងទៅវាចុះ ដើម្បីជាអន្ទាក់ដល់វា ហើយឲ្យដៃពួកភីលីស្ទីនបានទាស់នឹងវា»។ ដូច្នេះ ស្ដេចសូលក៏មានរាជឱង្ការទៅកាន់ដាវីឌថា៖ «នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាយើង ដោយសារនាងបន្ទាប់ នេះវិញ»។ ស្ដេចសូលក៏បង្គាប់ដល់ពួកមហាតលិកថា៖ «ចូរនិយាយប្រលោមដាវីឌដោយសម្ងាត់ថា "មើល៍ ស្តេចសព្វព្រះហឫទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ"»។ ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា៖ «តើអ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ដែលខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផងនោះ?» ពួកមហាតលិកក៏នាំពាក្យនោះទៅក្រាបទូលដល់ទ្រង់ថា៖ «ដាវីឌបាននិយាយដូច្នេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។ ដូច្នេះ ពេលពួកមហាតលិកបាននាំពាក្យទៅប្រាប់ដល់ដាវីឌវិញហើយ លោកក៏សុខចិត្តធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សម្រេចនៅឡើយ បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅ រួចសម្លាប់ពួកភីលីស្ទីនបានពីររយនាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះស្ដេចសូលប្រទាននាងមីកាលជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ។ ស្ដេចសូលយល់ឃើញថា ព្រះយេហូវ៉ាបានគង់ជាមួយដាវីឌ ឯនាងមីកាល ជាបុត្រីក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក ដូច្នេះ ស្ដេចសូលខ្លាចដាវីឌរឹតតែខ្លាំងឡើង ក៏ធ្វើជាសត្រូវនឹងលោកចាប់ពីពេលនោះទៅ។ បន្ទាប់មក ពួកមេទ័ពសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មានរបស់ស្តេច ហេតុនោះបានជាឈ្មោះរបស់លោកមានការល្បីល្បាញយ៉ាងខ្លាំង។
១ សាំយូអែល 18:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌដូចខ្លួនឯង។ សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។ លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ ហេតុនេះហើយទើបព្រះរាជាឲ្យលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង ហើយលោកតែងតែបានទទួលជ័យជម្នះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។ ពេលឃើញលោកដាវីឌមានជ័យជម្នះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។ ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។ ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងថ្វាយព្រះអម្ចាស់»។ លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។ ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។ ពេលនោះ ព្រះនាងមិកាល់ជាបុត្រីរបស់ស្ដេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្ដេចគាប់ព្រះហឫទ័យណាស់។ ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងឲ្យដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យដាវីឌធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរឲ្យលោកដាវីឌធ្វើជាកូនប្រសា។ ព្រះបាទសូលបញ្ជារាជបម្រើថា៖ «ចូរទៅប្រាប់លោកដាវីឌជាសម្ងាត់ថា “ព្រះរាជាគាប់ព្រះហឫទ័យនឹងលោកណាស់ ហើយរាជបម្រើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្ដេចទៅ”»។ ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។ ពួករាជបម្រើនាំពាក្យសម្ដីរបស់លោកដាវីឌ ទៅទូលស្ដេចវិញ។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា “ស្ដេចមិនចង់បានបណ្ណាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ព្រះបាទសូលមានគោលបំណងធ្វើឲ្យលោកដាវីឌ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌ ហើយលោកដាវីឌក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្ដេច។ មុនពេលកំណត់ត្រូវរៀបអភិសេក លោកដាវីឌ និងទាហានរបស់លោកនាំគ្នាចេញទៅច្បាំង លោកសម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ លោកដាវីឌបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ថ្វាយព្រះរាជា ដើម្បីធ្វើជាកូនប្រសាស្ដេច។ ពេលនោះ ព្រះបាទសូលក៏លើកព្រះនាងមិកាល់ ជាបុត្រី ឲ្យធ្វើជាភរិយា។ ព្រះបាទសូលយល់ឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោកដាវីឌ ហើយឃើញថាព្រះនាងមិកាល់ជាបុត្រីស្រឡាញ់លោកដែរ ដូច្នេះ ស្ដេចខ្លាចលោកដាវីឌរឹតតែខ្លាំងឡើង ហើយចាត់ទុកលោកជាគូសត្រូវ ចាប់ពីពេលនោះតទៅ។ ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ លោកដាវីឌទទួលជ័យជម្នះ ច្រើនជាងរាជបម្រើឯទៀតៗរបស់ព្រះបាទសូល ជាហេតុនាំឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
១ សាំយូអែល 18:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលដាវីឌទូលទៅសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ នៅថ្ងៃនោះ សូលទ្រង់ក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅឯផ្ទះឪពុកវិញទៀតទេ ខណនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ពីព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសំលៀកបំពាក់របស់លោក នឹងដាវ ធ្នូ ហើយនឹងខ្សែក្រវាត់ផង គ្រានោះ ដាវីឌត្រាច់ទៅគ្រប់ទីកន្លែងតាមដែលសូលទ្រង់ប្រើ ហើយក៏តែងប្រព្រឹត្តដោយប្រាជ្ញា រួចមកសូលទ្រង់តាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកបណ្តាជន នឹងពួកមហាតលិករបស់សូល គេមានសេចក្ដីពេញចិត្តជាខ្លាំង។ គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង នឹងលោតកញ្ឆេង ហើយបន្ទរក្រាប់ នឹងប្រដាប់ភ្លេងផ្សេងៗ កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន ដូច្នេះ សូលទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។ លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង ខណនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង ដូច្នេះសូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ ហេតុដូច្នោះសូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយដំរូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក តែពួកអ៊ីស្រាអែល នឹងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។ នៅគ្រានោះ សូលមានបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សំរាប់អញ ហើយច្បាំងចំបាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ ឯមីកាល ជាបុត្រីសូល នាងប្រតិព័ទ្ធស្រឡាញ់ដល់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់សូល ការនោះក៏គាប់ព្រះទ័យដល់ទ្រង់ ដោយបំណងថា អញនឹងឲ្យនាងទៅវាចុះ ដើម្បីឲ្យបានជាអន្ទាក់ដល់វា ហើយឲ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា ដូច្នោះសូលមានបន្ទូលទៅដាវីឌថា នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាអញ ដោយសារនាងបន្ទាប់នេះវិញ។ សូលទ្រង់ក៏បង្គាប់ដល់ពួកមហាតលិកថា ចូរនិយាយប្រលោមដាវីឌដោយសំងាត់ថា មើល ស្តេចទ្រង់សព្វព្រះទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះសូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ដល់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង នោះពួកមហាតលិកក៏នាំសេចក្ដីទៅក្រាបទូលដល់ទ្រង់ អំពីដាវីឌបាននិយាយយ៉ាងនោះ រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យ ចង់បានតែស្បែកនៃស្រោមចុងស្វាស របស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ ដូច្នេះកាលពួកមហាតលិកបាននាំសេចក្ដីទៅប្រាប់ដល់ដាវីឌវិញហើយ នោះលោកក៏សុខចិត្ត នឹងធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សំរេចនៅឡើយ បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅផង រួចសំឡាប់ពួកភីលីស្ទីនបាន២០០នាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះសូលទ្រង់ប្រទាននាងមីកាល ជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ សូលទ្រង់ក៏យល់ឃើញ ហើយជ្រាបថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងដាវីឌ ឯនាងមីកាល ជាបុត្រីសូល ក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក ដូច្នេះ សូលទ្រង់ខ្លាចដាវីឌរឹតតែខ្លាំងឡើងទៀត ក៏ធ្វើជាអ្នកសត្រូវនឹងលោកជាដរាបទៅ។ នៅគ្រានោះ ពួកមេសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មាននៃស្តេច ដល់ម៉្លេះបានជាគេទុកចិត្តពឹងដល់ឈ្មោះលោកណាស់។