១ សាំយូអែល 17:45-49

១ សាំយូអែល 17:45-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ចំណែក​ឯង មក​ជួប​យើង​ទាំង​កាន់​ដាវ​កាន់​លំពែង និង​ដែក​ពួយ​ផង តែ​យើង​វិញ មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​មិន​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង»។ កាល​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ត​ទល់​គ្នា។ ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់យាម ចាប់​យក​ក្រួស​មួយ​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​សាសន៍​ភីលី‌ស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ក៏​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។

១ សាំយូអែល 17:45-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រា‌អែល ដែល​ឯង​បាន​បំបាក់​មុខ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។ សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះ‌អម្ចាស់​ច្បាំង​ជំនួស​យើង ព្រះអង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។ ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។ ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។

១ សាំយូអែល 17:45-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ​ហើយ អញ​នឹង​វាយ​ឯង ហើយ​នឹង​កាត់​យក​ក្បាល​ឯង​ទៅ នៅ​ថ្ងៃ​នេះ អញ​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រាអែល​ពិត ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង កាល​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ជួប​គ្នា ទើប​លូក​ដៃ​ទៅ​ក្នុង​យាម ចាប់​យក​ក្រួស​១​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​នៃ​សាសន៍​ភីលីស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។