១ សាំយូអែល 17:4-10
១ សាំយូអែល 17:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទម្ងន់ប្រាំពាន់សេកែល។ គាត់មានស្រោមលង្ហិនស្រោបជើង ហើយមានដែកពួយលង្ហិនស្ពាយជាប់នឹងខ្នង។ ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកតម្រៀបទ័ពច្បាំងដូច្នេះ? តើយើងនេះមិនមែនជាសាសន៍ភីលីស្ទីន ហើយអ្នករាល់គ្នាជាកញ្ជះរបស់សូលទេឬ? ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងយើងមើល បើវាអាចតដៃសម្លាប់យើងបាន យើងនឹងធ្វើជាអ្នកបម្រើឯង តែបើយើងឈ្នះ ហើយសម្លាប់វាបាន នោះអ្នករាល់គ្នាត្រូវធ្វើជាអ្នកបម្រើយើងវិញ»។ ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។
១ សាំយូអែល 17:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកម្ពស់ប្រមាណបីម៉ែត្រ។ គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។ គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។ ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។ គាត់ឈរ ហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្ដេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។ ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។ ទាហានភីលីស្ទីននោះនិយាយទៀតថា៖ «ថ្ងៃនេះ អញនឹងបំបាក់មុខពលទ័ពអ៊ីស្រាអែល! ចូរឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើល៍!»។
១ សាំយូអែល 17:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកំពស់៦ហត្ថ១ចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទំងន់៥ពាន់ដំឡឹង ក៏មានស្រោមលង្ហិនស្រោបជើង ហើយមានប្រដាប់លង្ហិនបាំងពីខាងខ្នងដែរ ឯដងលំពែងរបស់វា នោះប្រៀបដោយផ្សំនៃដំបាញ ហើយផ្លែធ្វើពីដែក ទំងន់៦០០ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា ម្តេចក៏ឯងរាល់គ្នាចេញមកដំរៀបទ័ពសំរាប់ច្បាំងដូច្នេះ តើអញមិនមែនជាសាសន៍ភីលីស្ទីន ហើយឯងរាល់គ្នាជាខ្ញុំរបស់សូលទេឬអី ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងអញមើល បើវាអាចនឹងតដៃសំឡាប់អញបាន នោះយើងនឹងធ្វើជាបាវបំរើឯង តែបើអញឈ្នះ ហើយសំឡាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបំរើយើងវិញ វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែលថា នៅថ្ងៃនេះ ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងអញលមើលចុះ