១ សាំយូអែល 17:38-40 - Compare All Versions
១ សាំយូអែល 17:38-40 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។ ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។
១ សាំយូអែល 17:38-40 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល នឹងអាវក្រោះដែរ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។
១ សាំយូអែល 17:38-40 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ស្តេចបំពាក់គ្រឿងរបស់ព្រះអង្គឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ។ ដាវីឌបានក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរសាកមើល ដ្បិតមិនដែលបានសាកម្តងសោះ រួចទូលទៅសូលថា៖ «ទូលបង្គំពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលប្រើម្តងឡើយ» ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។