១ សាំយូអែល 17:32-47
១ សាំយូអែល 17:32-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌទូលដល់ស្ដេចសូលថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ឯងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ព្រោះឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចម្បាំងតាំងតែពីក្មេងមកហើយ»។ នោះដាវីឌដំណាលរឿងទូលស្ដេចសូលថា៖ «ពីដើមដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ធ្លាប់ឃ្វាលចៀមរបស់ឪពុក បើពេលណាមានសិង្ហ ឬខ្លាឃ្មុំមកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។ ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។ ស្តេចបំពាក់គ្រឿងរបស់ព្រះអង្គឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ។ ដាវីឌបានក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរសាកមើល ដ្បិតមិនដែលបានសាកម្តងសោះ រួចទូលទៅសូលថា៖ «ទូលបង្គំពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលប្រើម្តងឡើយ» ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង ពេលសាសន៍ភីលីស្ទីននោះក្រឡេកឃើញដាវីឌ ក៏តាំងមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា៖ «ចូរមកចុះ យើងនឹងឲ្យសាច់ឯងដល់សត្វហើរលើអាកាស និងសត្វព្រៃផង»។ ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។
១ សាំយូអែល 17:32-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដាវីឌទូលព្រះបាទសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងចេញទៅប្រយុទ្ធជាមួយវា»។ ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចម្បាំងតាំងពីក្មេងម៉្លេះ»។ ដាវីឌទូលស្ដេចសូលថា៖ «ទូលបង្គំធ្លាប់ឃ្វាលចៀមរបស់ឪពុកទូលបង្គំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រុបលើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។ ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។ ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។ ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។ ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។ វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។ ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។ សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះអម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។
១ សាំយូអែល 17:32-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ តែសូលទ្រង់មានបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ នឹងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ នឹងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណនោះ សូលមានបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល នឹងអាវក្រោះដែរ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស នឹងសត្វព្រៃផង ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង