១ សាំយូអែល 17:20-40
១ សាំយូអែល 17:20-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកឲ្យគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់។ ពេលដាវីឌបានទៅដល់ទីបោះទ័ព នោះជាពេលដែលពួកពលកំពុងតែចេញទៅទីចម្បាំង ទាំងស្រែកសម្រែកសង្គ្រាម ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេតម្រៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។ គ្រាដែលកំពុងតែនិយាយជាមួយបងៗ ក៏ឃើញទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ មកពីក្រុងកាថ ឈ្មោះកូលីយ៉ាត ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ។ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញអ្នកនោះ គេក៏រត់ចេញពីវាដោយភ័យខ្លាចជាខ្លាំង។ ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?» គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា៖ «អ្នកណាដែលសម្លាប់វាបាន នឹងទទួលបានដូច្នេះឯង»។ នោះអេលាបជាបងបង្អស់ក៏ឮដាវីឌកំពុងនិយាយជាមួយគេ ហើយមានសេចក្ដីកំហឹងទាស់នឹងប្អូនថា៖ «ឯងចុះមកធ្វើអី? តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកឲ្យអ្នកណាមើល? បងស្គាល់សេចក្ដីអំនួត និងគំនិតអាក្រក់របស់ឯងហើយ ដ្បិតឯងចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ»។ តែដាវីឌឆ្លើយថា៖ «តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ទេតើ?» រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។ កាលគេបានឮពាក្យដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក ដាវីឌទូលដល់ស្ដេចសូលថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ឯងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ព្រោះឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចម្បាំងតាំងតែពីក្មេងមកហើយ»។ នោះដាវីឌដំណាលរឿងទូលស្ដេចសូលថា៖ «ពីដើមដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ធ្លាប់ឃ្វាលចៀមរបស់ឪពុក បើពេលណាមានសិង្ហ ឬខ្លាឃ្មុំមកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។ ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។ ស្តេចបំពាក់គ្រឿងរបស់ព្រះអង្គឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ។ ដាវីឌបានក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរសាកមើល ដ្បិតមិនដែលបានសាកម្តងសោះ រួចទូលទៅសូលថា៖ «ទូលបង្គំពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលប្រើម្តងឡើយ» ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។
១ សាំយូអែល 17:20-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យុវជនដាវីឌក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យគង្វាលម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលដាវីឌទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ ទាហានអ៊ីស្រាអែល និងទាហានភីលីស្ទីន រៀបទ័ពនៅប្រឈមមុខគ្នា ដើម្បីប្រយុទ្ធ។ ដាវីឌប្រគល់អីវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។ ពេលដាវីឌកំពុងតែសំណេះសំណាលជាមួយបងៗ ទាហានភីលីស្ទីន ឈ្មោះកូលីយ៉ាត ជាអ្នកក្រុងកាថ ចេញមកខាងមុខជួរទ័ពរបស់ខ្លួន ហើយស្រែកសួរពួកអ៊ីស្រាអែលនូវពាក្យដដែល ដាវីឌក៏បានឮពាក្យទាំងនោះដែរ។ កាលឃើញកូលីយ៉ាតចេញមក ទាហានអ៊ីស្រាអែលនាំគ្នារត់ប្រសេចប្រសាច ដ្បិតគេភ័យខ្លាចជាខ្លាំង។ ទាហានអ៊ីស្រាអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសម្លុតពលទ័ពអ៊ីស្រាអែលយើង! អ្នកណាសម្លាប់វាបាន ស្ដេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រាអែលដែរ»។ យុវជនដាវីឌសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? ជនភីលីស្ទីនជាសាសន៍មិនកាត់ស្បែកនេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»។ ពួកទាហានឆ្លើយតាមពាក្យដែលស្ដេចបានសន្យាថា នឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះ។ លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ យុវជនដាវីឌឆ្លើយតបថា៖ «តើខ្ញុំមានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែសួរប៉ុណ្ណឹង មិនបានឬ!»។ ដាវីឌបែរចេញពីបង សួរទាហានម្នាក់ទៀតនូវសំណួរដដែលនោះ ពួកទាហានក៏ឆ្លើយតបមកវិញដូចពីមុនដែរ។ កាលពលទ័ពទាំងមូលឮពាក្យទាំងប៉ុន្មានដែលដាវីឌនិយាយ គេក៏នាំគ្នាទៅទូលព្រះបាទសូល ហើយស្ដេចឲ្យគេទៅហៅដាវីឌមក។ ដាវីឌទូលព្រះបាទសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងចេញទៅប្រយុទ្ធជាមួយវា»។ ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចម្បាំងតាំងពីក្មេងម៉្លេះ»។ ដាវីឌទូលស្ដេចសូលថា៖ «ទូលបង្គំធ្លាប់ឃ្វាលចៀមរបស់ឪពុកទូលបង្គំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រុបលើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។ ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។ ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។ ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។ ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។
១ សាំយូអែល 17:20-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចំបាំង ទាំងស្រែកសំរែកសង្គ្រាម ហើយពួកអ៊ីស្រាអែល នឹងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជំរាបសួរដល់ពួកបង គ្រាដែលកំពុងតែនិយាយនឹងពួកបង នោះមើល ទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ ពីក្រុងកាថ ឈ្មោះកូលីយ៉ាត ក៏ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មាន បានឃើញអ្នកនោះ គេក៏រត់ពីវាទៅ ដោយភ័យខ្លាចជាខ្លាំង រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសំឡាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណី ដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកដែលឈរនៅជិតថា ឯអ្នកណាដែលនឹងសំឡាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំនៀលពីអ៊ីស្រាអែលចេញ នោះនឹងបានដូចម្តេចខ្លះ ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា អ្នកណាដែលនឹងសំឡាប់វាបាន នោះនឹងបានដូច្នេះឯង។ គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។ កាលគេបានឮពាក្យ ដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ តែសូលទ្រង់មានបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ នឹងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ នឹងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណនោះ សូលមានបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល នឹងអាវក្រោះដែរ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។