១ សាំយូអែល 17:1-54
១ សាំយូអែល 17:1-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកភីលីស្ទីនបានប្រមូលទ័ពមកដើម្បីច្បាំង គេប្រមូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅត្រង់អេភេស-ដាំមីម ចន្លោះរវាងសូគរ និងអាសេកា។ ឯស្ដេចសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏តម្រៀបពលដើម្បីច្បាំងនឹងពួកភីលីស្ទីន។ ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅកណ្ដាល។ លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទម្ងន់ប្រាំពាន់សេកែល។ គាត់មានស្រោមលង្ហិនស្រោបជើង ហើយមានដែកពួយលង្ហិនស្ពាយជាប់នឹងខ្នង។ ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកតម្រៀបទ័ពច្បាំងដូច្នេះ? តើយើងនេះមិនមែនជាសាសន៍ភីលីស្ទីន ហើយអ្នករាល់គ្នាជាកញ្ជះរបស់សូលទេឬ? ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងយើងមើល បើវាអាចតដៃសម្លាប់យើងបាន យើងនឹងធ្វើជាអ្នកបម្រើឯង តែបើយើងឈ្នះ ហើយសម្លាប់វាបាន នោះអ្នករាល់គ្នាត្រូវធ្វើជាអ្នកបម្រើយើងវិញ»។ ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។ ពេលស្ដេចសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។ រីឯដាវីឌ ជាកូនរបស់អ៊ីសាយនៃអំបូរអេប្រាតា នៅបេថ្លេហិម-យូដា។ ឯអ៊ីសាយមានកូនប្រុសប្រាំបីនាក់ ហើយនៅជំនាន់ស្តេចសូល គាត់មានវ័យចាស់ណាស់ហើយ។ មានកូនប្រុសច្បងរបស់អ៊ីសាយបីនាក់បានតាមសូលទៅច្បាំង កូនទាំងបីនាក់ដែលទៅច្បាំងនោះ គឺកូនបងបង្អស់ឈ្មោះអេលាប កូនបន្ទាប់ឈ្មោះអ័ប៊ីណាដាប់ និងទីបីឈ្មោះសាំម៉ា។ អ្នកទាំងបីនោះបានទៅតាមសូល ឯដាវីឌជាកូនពៅ ក៏តែងធ្វើដំណើរទៅមក ពីស្ដេចសូលទៅបេថ្លេហិម ដើម្បីឃ្វាលចៀមរបស់ឪពុក។ រីឯសាសន៍ភីលីស្ទីនម្នាក់នោះ ចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច អស់រយៈសែសិបថ្ងៃ។ នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌកូនរបស់គាត់ថា៖ «ចូរយកលាជមួយថាំង និងនំបុ័ងដប់ដុំនេះទៅឲ្យបងៗរបស់កូន នៅឯទីបោះទ័ពជាប្រញាប់ ហើយយកទឹកដោះខះដប់ផែននេះ ទៅជូនដល់មេទ័ពរបស់គេទៅ រួចមើលថាបងៗរបស់ឯងសុខសប្បាយឬយ៉ាងណា ហើយយករបស់អ្វីមួយពីគេមកទុកជាសម្គាល់»។ ចំណែកស្ដេចសូល និងអ្នកទាំងបីនោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកឲ្យគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់។ ពេលដាវីឌបានទៅដល់ទីបោះទ័ព នោះជាពេលដែលពួកពលកំពុងតែចេញទៅទីចម្បាំង ទាំងស្រែកសម្រែកសង្គ្រាម ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេតម្រៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។ គ្រាដែលកំពុងតែនិយាយជាមួយបងៗ ក៏ឃើញទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ មកពីក្រុងកាថ ឈ្មោះកូលីយ៉ាត ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ។ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញអ្នកនោះ គេក៏រត់ចេញពីវាដោយភ័យខ្លាចជាខ្លាំង។ ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?» គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា៖ «អ្នកណាដែលសម្លាប់វាបាន នឹងទទួលបានដូច្នេះឯង»។ នោះអេលាបជាបងបង្អស់ក៏ឮដាវីឌកំពុងនិយាយជាមួយគេ ហើយមានសេចក្ដីកំហឹងទាស់នឹងប្អូនថា៖ «ឯងចុះមកធ្វើអី? តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកឲ្យអ្នកណាមើល? បងស្គាល់សេចក្ដីអំនួត និងគំនិតអាក្រក់របស់ឯងហើយ ដ្បិតឯងចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ»។ តែដាវីឌឆ្លើយថា៖ «តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ទេតើ?» រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។ កាលគេបានឮពាក្យដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក ដាវីឌទូលដល់ស្ដេចសូលថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ឯងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ព្រោះឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចម្បាំងតាំងតែពីក្មេងមកហើយ»។ នោះដាវីឌដំណាលរឿងទូលស្ដេចសូលថា៖ «ពីដើមដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ធ្លាប់ឃ្វាលចៀមរបស់ឪពុក បើពេលណាមានសិង្ហ ឬខ្លាឃ្មុំមកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។ ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។ ស្តេចបំពាក់គ្រឿងរបស់ព្រះអង្គឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ។ ដាវីឌបានក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរសាកមើល ដ្បិតមិនដែលបានសាកម្តងសោះ រួចទូលទៅសូលថា៖ «ទូលបង្គំពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលប្រើម្តងឡើយ» ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង ពេលសាសន៍ភីលីស្ទីននោះក្រឡេកឃើញដាវីឌ ក៏តាំងមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា៖ «ចូរមកចុះ យើងនឹងឲ្យសាច់ឯងដល់សត្វហើរលើអាកាស និងសត្វព្រៃផង»។ ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។ កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីតទល់គ្នា។ ដាវីឌលូកដៃទៅក្នុងថង់យាម ចាប់យកក្រួសមួយគ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាក៏ដួលផ្កាប់មុខនៅដីទៅ។ ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួសមួយគ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីនឲ្យស្លាប់ ដោយឥតមានកាន់ដាវនៅដៃឡើយ រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ និងកាត់ក្បាលផង កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានតំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីង។ ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលចាប់យកទីបោះទ័ពរបស់គេ ចំណែកដាវីឌក៏យកក្បាលសាសន៍ភីលីស្ទីននោះទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់របស់វាទាំងប៉ុន្មានយកទៅទុកនៅក្នុងជំរំរបស់ខ្លួន។
១ សាំយូអែល 17:1-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកភីលីស្ទីនប្រមូលផ្ដុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។ រីឯព្រះបាទសូល និងទាហានអ៊ីស្រាអែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។ ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រាអែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរ។ មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកម្ពស់ប្រមាណបីម៉ែត្រ។ គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។ គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។ ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។ គាត់ឈរ ហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្ដេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។ ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។ ទាហានភីលីស្ទីននោះនិយាយទៀតថា៖ «ថ្ងៃនេះ អញនឹងបំបាក់មុខពលទ័ពអ៊ីស្រាអែល! ចូរឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើល៍!»។ កាលព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងមូល ឮពាក្យសម្ដីរបស់ទាហានភីលីស្ទីននោះ ក៏ញាប់ញ័រ ហើយភ័យខ្លាចជាខ្លាំង។ យុវជនដាវីឌជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ព្រះបាទសូល លោកមានវ័យចាស់ជរាណាស់ទៅហើយ។ កូនប្រុសច្បងទាំងបីរបស់លោក គឺ អេលាប អប៊ីណាដាប់ និងសាម៉ា បានចេញទៅច្បាំង រួមជាមួយព្រះបាទសូល ហើយដាវីឌជាកូនពៅ។ ពេលបងៗទាំងបីចេញទៅជាមួយព្រះបាទសូលអស់ទៅ ដាវីឌវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។ កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសម្លុតពលទ័ពអ៊ីស្រាអែល ទាំងព្រឹក ទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។ ថ្ងៃមួយ លោកអ៊ីសាយមានប្រសាសន៍ទៅកាន់យុវជនដាវីឌ ជាកូនថា៖ «ចូរយកលាជមួយថង់ និងនំប៉័ងដប់ដុំនេះ ទៅឲ្យបងៗនៅកន្លែងបោះទ័ពយ៉ាងលឿន។ ចូរយកប្រូម៉ាស់ដប់ដុំនេះទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសម្គាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្ដីសុខហើយ។ ពួកគេស្ថិតនៅជាមួយព្រះបាទសូល និងពលទាហានអ៊ីស្រាអែលទាំងមូល នៅតាមជ្រលងភ្នំអេឡា ហើយកំពុងតែច្បាំងជាមួយពួកភីលីស្ទីន»។ យុវជនដាវីឌក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យគង្វាលម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលដាវីឌទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ ទាហានអ៊ីស្រាអែល និងទាហានភីលីស្ទីន រៀបទ័ពនៅប្រឈមមុខគ្នា ដើម្បីប្រយុទ្ធ។ ដាវីឌប្រគល់អីវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។ ពេលដាវីឌកំពុងតែសំណេះសំណាលជាមួយបងៗ ទាហានភីលីស្ទីន ឈ្មោះកូលីយ៉ាត ជាអ្នកក្រុងកាថ ចេញមកខាងមុខជួរទ័ពរបស់ខ្លួន ហើយស្រែកសួរពួកអ៊ីស្រាអែលនូវពាក្យដដែល ដាវីឌក៏បានឮពាក្យទាំងនោះដែរ។ កាលឃើញកូលីយ៉ាតចេញមក ទាហានអ៊ីស្រាអែលនាំគ្នារត់ប្រសេចប្រសាច ដ្បិតគេភ័យខ្លាចជាខ្លាំង។ ទាហានអ៊ីស្រាអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសម្លុតពលទ័ពអ៊ីស្រាអែលយើង! អ្នកណាសម្លាប់វាបាន ស្ដេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រាអែលដែរ»។ យុវជនដាវីឌសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? ជនភីលីស្ទីនជាសាសន៍មិនកាត់ស្បែកនេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»។ ពួកទាហានឆ្លើយតាមពាក្យដែលស្ដេចបានសន្យាថា នឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះ។ លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ យុវជនដាវីឌឆ្លើយតបថា៖ «តើខ្ញុំមានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែសួរប៉ុណ្ណឹង មិនបានឬ!»។ ដាវីឌបែរចេញពីបង សួរទាហានម្នាក់ទៀតនូវសំណួរដដែលនោះ ពួកទាហានក៏ឆ្លើយតបមកវិញដូចពីមុនដែរ។ កាលពលទ័ពទាំងមូលឮពាក្យទាំងប៉ុន្មានដែលដាវីឌនិយាយ គេក៏នាំគ្នាទៅទូលព្រះបាទសូល ហើយស្ដេចឲ្យគេទៅហៅដាវីឌមក។ ដាវីឌទូលព្រះបាទសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងចេញទៅប្រយុទ្ធជាមួយវា»។ ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចម្បាំងតាំងពីក្មេងម៉្លេះ»។ ដាវីឌទូលស្ដេចសូលថា៖ «ទូលបង្គំធ្លាប់ឃ្វាលចៀមរបស់ឪពុកទូលបង្គំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រុបលើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។ ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។ ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។ ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។ ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។ វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។ ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។ សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះអម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។ ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវីឌ ដាវីឌក៏រត់យ៉ាងលឿនទៅតទល់នឹងវា។ ដាវីឌលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។ ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។ ដាវីឌរត់ចូលទៅជិតជនភីលីស្ទីន ហើយហូតដាវរបស់វាពីស្រោមសម្លាប់វា ហើយកាត់កផង។ ពេលកងទ័ពភីលីស្ទីនឃើញវីរជនរបស់ខ្លួនស្លាប់ដូច្នេះ ពួកគេនាំគ្នារត់អស់ទៅ។ កងទ័ពអ៊ីស្រាអែល និងកងទ័ពយូដា ក៏ស្ទុះឡើង នាំគ្នាស្រែកហ៊ោ ហើយដេញតាមពួកភីលីស្ទីនរហូតដល់ច្រកចូលជ្រលងភ្នំ និងរហូតដល់មាត់ទ្វារក្រុងអេក្រូន។ សាកសពរបស់ពួកភីលីស្ទីនដេកដួល ហូរហែតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រូន។ ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រាអែលវិលមកប្រមូលយកជយភណ្ឌក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។ ដាវីឌយកក្បាលជនភីលីស្ទីននោះមកក្រុងយេរូសាឡឹម ហើយយកគ្រឿងសស្ត្រាវុធរបស់វាមកទុកក្នុងតង់ត៍របស់ខ្លួន។
១ សាំយូអែល 17:1-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ពួកភីលីស្ទីន គេលើកទ័ពមកដើម្បីច្បាំង ក៏មូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅកណ្តាលសូគរ នឹងអាសេកា ត្រង់អេភេស-ដាំមីម ឯសូលនឹងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលគេក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅជាកណ្តាល លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកំពស់៦ហត្ថ១ចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទំងន់៥ពាន់ដំឡឹង ក៏មានស្រោមលង្ហិនស្រោបជើង ហើយមានប្រដាប់លង្ហិនបាំងពីខាងខ្នងដែរ ឯដងលំពែងរបស់វា នោះប្រៀបដោយផ្សំនៃដំបាញ ហើយផ្លែធ្វើពីដែក ទំងន់៦០០ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា ម្តេចក៏ឯងរាល់គ្នាចេញមកដំរៀបទ័ពសំរាប់ច្បាំងដូច្នេះ តើអញមិនមែនជាសាសន៍ភីលីស្ទីន ហើយឯងរាល់គ្នាជាខ្ញុំរបស់សូលទេឬអី ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងអញមើល បើវាអាចនឹងតដៃសំឡាប់អញបាន នោះយើងនឹងធ្វើជាបាវបំរើឯង តែបើអញឈ្នះ ហើយសំឡាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបំរើយើងវិញ វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែលថា នៅថ្ងៃនេះ ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងអញលមើលចុះ កាលសូល នឹងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននោះនិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។ រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ កូនប្រុសច្បងរបស់អ៊ីសាយ៣នាក់បានតាមសូលទៅច្បាំង កូនទាំង៣នាក់ដែលទៅច្បាំងនោះ គឺច្បងបង្អស់ឈ្មោះអេលាប បន្ទាប់មកឈ្មោះអ័ប៊ីន៉ាដាប់ ហើយទី៣ឈ្មោះសាំម៉ា អ្នកទាំង៣នោះបានតាមសូលទៅ ឯដាវីឌគាត់ជាកូនពៅ ក៏តែងធ្លាប់ទៅមកពីសូល ទៅឯឪពុកនៅបេថ្លេហិម ដើម្បីឃ្វាលចៀម រីឯសាសន៍ភីលីស្ទីនម្នាក់នោះ វាចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច ក៏ប្រកាសខ្លួនដូច្នោះ អស់រវាង៤០ថ្ងៃ។ នៅគ្រានោះអ៊ីសាយប្រាប់ដាវីឌជាកូនថា ចូរឯងយកលាជ១ថាំង នឹងនំបុ័ង១០ដុំនេះទៅ ឲ្យដល់ពួកបងឯង នៅឯទីបោះទ័ពជាប្រញាប់ទៅ ហើយនាំយកទឹកដោះខះ១០ផែននេះ ទៅជូនដល់មេទ័ពរបស់វាទៅ រួចចូរមើលដែលបងឯងសុខសប្បាយ ឬយ៉ាងណា ហើយនាំយករបស់អ្វី១ ជាគ្រឿងសំគាល់ពីវា មកវិញ ចំណែកសូល នឹងអ្នកទាំង៣នោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចំបាំង ទាំងស្រែកសំរែកសង្គ្រាម ហើយពួកអ៊ីស្រាអែល នឹងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជំរាបសួរដល់ពួកបង គ្រាដែលកំពុងតែនិយាយនឹងពួកបង នោះមើល ទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ ពីក្រុងកាថ ឈ្មោះកូលីយ៉ាត ក៏ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មាន បានឃើញអ្នកនោះ គេក៏រត់ពីវាទៅ ដោយភ័យខ្លាចជាខ្លាំង រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសំឡាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណី ដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកដែលឈរនៅជិតថា ឯអ្នកណាដែលនឹងសំឡាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំនៀលពីអ៊ីស្រាអែលចេញ នោះនឹងបានដូចម្តេចខ្លះ ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា អ្នកណាដែលនឹងសំឡាប់វាបាន នោះនឹងបានដូច្នេះឯង។ គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។ កាលគេបានឮពាក្យ ដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ តែសូលទ្រង់មានបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ នឹងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ នឹងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណនោះ សូលមានបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល នឹងអាវក្រោះដែរ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស នឹងសត្វព្រៃផង ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួបគ្នា ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ។ ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ នឹងក្រួស១គ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីននោះឲ្យស្លាប់ទៅ ដោយឥតមានកាន់ដាវនៅដៃឡើយ រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសំឡាប់វាទៅ ព្រមទាំងកាត់បណ្តាច់ក្បាលចេញ កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានដំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីងទៅ ឯពួកអ៊ីស្រាអែល នឹងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅឯស្អារ៉ែម រហូតដល់ក្រុងកាថ នឹងក្រុងអេក្រុន នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលប្លន់ទីបោះទ័ពរបស់គេ ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។