១ សាំយូអែល 16:1-23 - Compare All Versions

១ សាំយូអែល 16:1-23 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។ លោកសាំយូ‌អែល​និយាយ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ទៅ​យ៉ាង​ម៉េច​បាន? ប្រសិន‌បើ​ស្ដេច​សូល​បាន​ឮ ទ្រង់​នឹង​សម្លាប់​ទូល‌បង្គំ​ហើយ» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​គោ​ក្រមុំ​មួយ​ទៅ​ជា‌មួយ ហើយ​និយាយ​ថា "ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។ ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា អ្នក​ត្រូវ​ចាក់​ប្រេង​លើ​អ្នក​ណា​ដែល​យើង​នឹង​ប្រាប់ ដើម្បី​ញែក​សម្រាប់​យើង»។ លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?» លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។ ពេល​គេ​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា៖ «នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង ឲ្យ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។ រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ណាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​លោកសាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​យក​អ្នក​នេះ​ទេ»។ នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ»។ អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រ‌សាសន៍​ថា៖ «ព្រះ‌យេហូវ៉ា​មិន​រើស​អ្នក​ទាំង​នេះ​ឡើយ» ហើយ​សួរ​ថា៖ «តើ​កូន​របស់​អ្នក​មក​អស់​ហើយ​ឬ​នៅ?» គាត់​ឆ្លើយ​ថា៖ «នៅ​មាន​កូន​ពៅ​មួយ​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម» លោក​មាន​ប្រ‌សាសន៍​ទៅ​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ»។ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ គឺ​អ្នក​នេះ​ហើយ»។ លោក​សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​មុខ​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ។ ស្រេច​ហើយ លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង​ទៅ​រ៉ាម៉ា​វិញ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​សូល ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​វិញ្ញាណ​អាក្រក់​មួយ​ឲ្យ​មក​បំភ័យ​ទ្រង់។ ពួក​មហា‌តលិក​របស់​ស្ដេច​សូល​ទូល​ថា៖ «មើ​ល៍! មា​ន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ។ ដូច្នេះ សូម​ព្រះ‌ករុណា​ទ្រង់​បង្គាប់​មក​យើង​ខ្ញុំ ជា​អ្នក​បម្រើ ដែល​នៅ​ចំពោះ​ព្រះករុណា ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​លេង​ពិណ​មក កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​លេង​ពិណ ដើម្បី​ឲ្យ​ទ្រង់​បាន​ធូរ​ស្រាល»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ ហើយ​នាំ​មក​ជួប​យើង»។ មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។ ដូច្នេះ ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​អ៊ីសាយ​ប្រាប់​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ជួប​យើង»។ អ៊ីសាយ​ក៏​យក​លា​មួយ​មក រៀប​ចំ​នំបុ័ង ស្រា​ទំពាំង‌បាយ‌ជូរ​ពេញ​មួយ​ថង់​ស្បែក និង​កូន​ពពែ​មួយ ផ្ញើ​ទៅ​ជា‌មួយ​ដាវីឌ​ជា​កូន ថ្វាយ​ស្តេច​សូល។ ដាវីឌ​ក៏​មក​ជួប​ស្ដេច​សូល ហើយ​នៅ​បម្រើ​ទ្រង់ ក៏​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់ ហើយ​ស្ដេច​សូល​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ។ រួច​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​ឈរ​បម្រើ​នៅ​មុខ​យើង​ចុះ ព្រោះ​យើង​ពេញ​ចិត្ត​វា​ណាស់»។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ស្ដេច​សូល នោះ​ដាវីឌ​ក៏​យក​ពិណ​មក​ចាប់​លេង​ថ្វាយ រួច​ស្ដេច​សូល​ក៏​បាន​ធូរ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។

១ សាំយូអែល 16:1-23 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។ លោក​សាំយូ‌អែល​ទូល​ថា៖ «តើ​ឲ្យ​ទូលបង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះ‌បាទ​សូល​ជ្រាប ស្ដេច​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។ ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។ លោក​សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។ លោក​សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ខ្ញុំ»។ លោក​សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដែរ។ កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។ លោក​អ៊ីសាយ​ហៅ​អប៊ី‌ណា‌ដាប់​ឲ្យ​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ លោក​អ៊ីសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ លោក​អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។ លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។ លោក​សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះ‌បាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ស្ដេច​វិល‌វល់​ស្មារតី។ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះ‌ជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។ សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់‌ចាំ​ធ្វើ​តាម​បញ្ជា​ជានិច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះ‌ករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌ករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ធូរ​ស្រាល»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។ រាជ​បម្រើ​ម្នាក់​ទូល​ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់‌អាច ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។ ព្រះ‌បាទ​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។ លោក​អ៊ីសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំប៉័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​សូល។ យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះ‌បាទ​សូល ហើយ​នៅ​បម្រើ​ស្ដេច។ ព្រះ‌បាទ​សូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច។ ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌បាទ​សូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះ‌បាទ​សូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​ដែរ។

១ សាំយូអែល 16:1-23 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​សាំយូ‌អែល​ថា តើ​ឯង​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត ដ្បិត​អញ​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រាអែល​ហើយ ដូច្នេះចូរ​បំពេញ​ប្រេង​ក្នុង​ស្នែង​របស់​ឯង​ចេញ​ទៅ អញ​នឹង​ចាត់​ឯង​ទៅ​ឯ​អ៊ីសាយ​នៅ​បេថ្លេ‌ហិម ដ្បិត​អញ​បាន​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​អញ តែ​សាំយូ‌អែល​ប្រកែក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ទៅ​បាន ដ្បិត​បើ​សូល​បាន​ឮ នោះ​ទ្រង់​នឹង​សំឡាប់​ទូលបង្គំ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​គោ​ក្រមុំ​១​នាំ​ទៅ​ជា​មួយ​ផង​ដោយ​ថា ខ្ញុំ​បាន​មក ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា រួច​ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​ដល់​អ្នក​ណា​ដែល​អញ​នឹង​ប្រាប់​ឯង ដើម្បី​ញែក​ចេញ​ឲ្យ​អញ ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក​លោកបាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី លោក​ឆ្លើយ​ថា ដោយ​មេត្រី​ទេ ខ្ញុំ​បាន​មក​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ចុះ រួច​មក​បរិភោគ​យញ្ញ‌បូជា​ជា​មួយ​គ្នា លោក​ក៏​ញែក​អ៊ីសាយ នឹង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។ កាល​បាន​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ទត​ចំពោះ​សេចក្ដី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ន៉ាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​យក​អ្នក​នេះ​ទេ នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​៧​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​យកអ្នក​ទាំង​នេះ​ឡើយ ហើយ​សួរ​ថា អ្នក​មាន​កូន​តែ​ប៉ុណ្ណេះ​ទេ​ឬ​អី គាត់​ឆ្លើយ​ថា នៅ​មាន​កូន​ពៅ​១​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម លោក​មាន​ប្រសាសន៍​ទៅ​អ៊ីសាយ​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ ដូច្នេះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។ គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​ដក​ថយ​ចេញ​ពី​សូល​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​វិញ្ញាណ​អាក្រក់​១​ឲ្យ​មក​បំភ័យ​ទ្រង់ នោះ​ពួក​មហា‌តលិក​របស់​សូល​ទូល​ថា មើល មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ ដូច្នេះសូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ បង្គាប់​ដល់​យើង​ខ្ញុំ ជា​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​នៅ​ចំពោះ​ទ្រង់​នេះ ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​ចាប់​ស៊ុង​មក ដើម្បី​កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​ចាប់​លេង​ឡើង ឲ្យ​ទ្រង់​បាន​ធូរ​ព្រះ‌ទ័យ​ថយ​ទៅ សូល​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក​បំរើ​ថា ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ​ឲ្យ​យើង ហើយ​នាំ​វា​មក​ចុះ ខណ​នោះ មាន​មនុស្ស​កំឡោះ​ម្នាក់ ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចំបាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​នោះ ដូច្នេះ សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​អ៊ីសាយ​ប្រាប់​ថា សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ឯ​យើង អ៊ីសាយ​ក៏​យក​លា​១​ផ្ទុក​ដោយ​នំបុ័ង ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​កូន​ពពែ​១ ផ្ញើ​ទៅ​ជា​មួយ​នឹង​ដាវីឌ​ជា​កូន ថ្វាយ​ដល់​សូល ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់ ដូច្នេះ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​សូល នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។