១ សាំយូអែល 15:7-22

១ សាំយូអែល 15:7-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​សូល​បាន​វាយ​ពួក​អាម៉ាឡេក​នោះ ចាប់​តាំង​ពី​ហា‌វីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ ក៏​ចាប់​បាន​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក មក​ទាំង​រស់ តែ​ប្រហារ​ប្រជាជន​ដោយ​មុខ​ដាវ។ ស្ដេច​សូល​បាន​ទុក​ឲ្យ​អ័‌កាក់ និង​ពួក​ទ័ព​នៅ​រស់ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ និង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម និង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​តម្លៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចោល​ទាំង​អស់។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «យើង​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​យើង​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​យើង​សោះ» នោះ​លោកសាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​មួយ​យប់។ លោកសាំយូ‌អែល​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​ទៅ​ជួប​នឹង​ស្ដេច​សូល​នៅ​ព្រឹក​នោះ មាន​គេ​ជម្រាប​លោកសាំយូ‌អែល​ថា៖ «ស្ដេច​សូល​បាន​យាង​មក​ដល់​កើ‌មែល​ហើយ ទ្រង់​បាន​បោះ​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​គីល‌កាល​វិញ»។ ដូច្នេះ លោកសាំយូ‌អែល​ក៏​ទៅ​រក​ស្ដេច​សូល ហើយ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សម្រេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ»។ តែ​លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម និង​គោ​រោទ៍​នៅ​ត្រចៀក​ទូល‌បង្គំ​ដូច្នេះ?» ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «គេ​បាន​នាំ​សត្វ​ទាំង​នោះ​ពី​សាសន៍​អាម៉ាឡេក​មក ដ្បិត​ពួក​ទ័ព​បាន​ទុក​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ក្រៅ​អំពី​នោះ​យើង​បាន​បំផ្លាញ​អស់​រលីង​ហើយ»។ នោះ​លោកសាំយូ‌អែល​ទូល​ថា៖ «ឈប់​សិន ទូល‌បង្គំ​នឹង​ទូល​ព្រះករុណា​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ពី​យប់​មិញ​នេះ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាន​ប្រ‌សាសន៍​មក​ចុះ»។ លោកសាំយូ‌អែល​ក៏​ទូល​ថា៖ «ក្នុង​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះ‌នេត្រ​របស់​អង្គ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើកុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទេ​ឬ? គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង‌តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា "ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ាឡេក​មាន​បាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​រហូត​ដល់​វិនាស​បាត់​ទាំង​អស់"។ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?» តែ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​លោកសាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល៍ ខ្ញុំ​បាន​នាំ​ទាំង​អ័‌កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ាឡេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ាឡេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ។ ប៉ុន្តែ ពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម និង​គោ​ដែល​ជា​របស់​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​នៅ​ត្រង់​គីល‌កាល»។ លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត និង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ឬ? ការពិត ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់ នៃ​ចៀម​ឈ្មោល​ទៅ​ទៀត។

១ សាំយូអែល 15:7-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។ ស្ដេច​ចាប់​បាន​ព្រះ‌បាទ​អកាក់ ជា​ស្ដេច​របស់​ពួក​អាម៉ា‌ឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជា‌ជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ តែ​ព្រះ‌បាទ​សូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា «យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ពេញ​មួយ​យប់។ លោក​សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ‌បាទ​សូល តែ​គេ​ជម្រាប​លោក​ថា ព្រះ‌បាទ​សូល​យាង​ទៅ​កើមែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។ កាល​លោក​សាំយូ‌អែល​ជួប​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ»។ លោក​សាំយូ‌អែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សម្រែក​ចៀម និង​គោ​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ា‌ឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​អស់​ហើយ»។ លោក​សាំយូ‌អែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់‌មិញ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។ លោក​សាំយូ‌អែល​ទូល​ថា៖ «ទោះ​បី​ព្រះ‌ករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់‌ទាប​ក្ដី ក៏​ព្រះ‌ករុណា​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ។ ព្រះ‌អម្ចាស់​ចាត់​ព្រះ‌ករុណា​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប‌សូន្យ​ទៅ”។ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មិន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​យក​ជយ‌ភណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន‌ជាតិ​អាម៉ា‌ឡេក​ទាំង​អស់​ថ្វាយ​ព្រះអង្គ​ដែរ។ ពួក​ពល​ទាហាន​រើស​យក​ជយ‌ភណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីល‌កាល់»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។

១ សាំយូអែល 15:7-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​សូល​ទ្រង់​វាយ​ពួក​អាម៉ា‌លេក​នោះ ចាប់​តាំង​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ ក៏​ចាប់​បាន​អ័កាក់ ជា​ស្តេច​សាសន៍​អាម៉ា‌លេក មក​ទាំង​រស់ តែ​កាប់​រំលីង​ពួក​ជន​ដោយ​មុខ​ដាវ ឯ​អ័កាក់​នោះ សូល នឹង​ពួក​ទ័ព បាន​ទុក​ឲ្យ​នៅ​វិញ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ នឹង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម នឹង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ តែ​ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​ដំឡៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចេញ​ទាំង​អស់​វិញ។ ខណនោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាំយូ‌អែល​ថា អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់ រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ ដូច្នេះសាំយូ‌អែល​ក៏​ទៅ​ឯ​ទ្រង់ ទ្រង់​ទទួល​ដោយ​បន្ទូល​ថា សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សំរេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ តែ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម ហើយ​នឹង​គោ​រោទ៍​នៅ​ត្រចៀក​ទូលបង្គំ​ដូច្នេះ សូល​ទ្រង់​ឆ្លើយ​ថា គេ​បាន​នាំ​សត្វ​ទាំង​នោះ​ពី​សាសន៍​អាម៉ា‌លេក​មក ដ្បិត​ពួក​ទ័ព​បាន​ទុក​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ សំរាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ក្រៅ​អំពី​នោះ​យើង​បាន​បំផ្លាញ​អស់​រលីង​ហើយ នោះ​សាំយូ‌អែល​ទូល​ថា ឈប់​សិន ទូលបង្គំ​នឹង​ទូល​ទ្រង់​ពី​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក​ទូលបង្គំ​ពី​យប់​មិញ​នេះ ទ្រង់​ក៏​ឆ្លើយ​ថា ដូច្នេះសូម​មាន​ប្រសាសន៍​ចុះ។ សាំយូ‌អែល​ក៏​ទូល​ថា ក្នុង​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះ‌នេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រាអែល​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ា‌លេក​កំបាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​ដរាប​ដល់​វិនាស​បាត់​ទាំង​អស់​ចេញ ដូច្នេះហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​វិញ តែ​សូល​ទ្រង់​ឆ្លើយ​ប្រកែក​ថា ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល ខ្ញុំ​បាន​នាំ​ទាំង​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ា‌លេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ ប៉ុន្តែពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម នឹង​គោ​ដែល​ជា​សំខាន់ៗ​ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​នៅ​ត្រង់​គីល‌កាល សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត