១ សាំយូអែល 15:22-31

១ សាំយូអែល 15:22-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត និង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ឬ? ការពិត ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់ នៃ​ចៀម​ឈ្មោល​ទៅ​ទៀត។ ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​លោកសាំយូ‌អែល​ថា៖ «ខ្ញុំ​មាន​បាប​ហើយ ព្រោះ​ខ្ញុំ​បាន​រំលង​សេចក្ដី​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា និង​ពាក្យ​របស់​លោក​ផង ដោយ​ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្តាប់​តាម​គេ​វិញ ដូច្នេះ សូម​ឲ្យ​លោក​អត់​ទោស​ខ្ញុំ​ឥឡូវ ហើយ​វិល​មក​ខាង​ខ្ញុំ​វិញ​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ផង»។ តែ​លោកសាំយូ‌អែល​ប្រកែក​ថា៖ «ទូល‌បង្គំ​មិន​ព្រម​វិល​ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ»។ កាល​លោក​សាំយូ‌អែល​បែរ​ខ្នង​ចេញ​ទៅ នោះ​ស្ដេច​សូល​ចាប់​ជាយ​អាវ​លោក ហើយ​អាវ​ក៏​រហែក។ ដូច្នេះ លោកសាំយូ‌អែល​ទូល​ទ្រង់​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រា‌អែល​ចេញ​ពី​ទ្រង់​ហើយ ក៏​បាន​ប្រទាន​ឲ្យ​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ។ ម្យ៉ាង​ទៀត ព្រះ​ជា​សិរីល្អ​របស់​សាសន៍​អ៊ីស្រា‌អែល​មិន​ចេះ​កុហក ឬ​ប្រែ‌ប្រួល​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​ប្រែ‌ប្រួល​ទេ»។ នោះ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប​ហើយ តែ​សូម​លើក​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​ចាស់​ទុំ​របស់​សាសន៍​ខ្ញុំ​នេះ និង​នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង សូម​មក​ខាង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ដែរ»។ ដូច្នេះ លោកសាំយូ‌អែល​បាន​វិល​មក​ខាង​ស្ដេច​សូល​វិញ ហើយ​ស្ដេច​សូល​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។

១ សាំយូអែល 15:22-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។ រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែងក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។ ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​ទូល​តប​ព្រះ‌បាទ​សូល​ថា៖ «ទូលបង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះ‌ករុណា​វិញ​ទេ ដ្បិត​ព្រះ‌ករុណា​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ដែរ»។ កាល​លោក​សាំយូ‌អែល​បែរ​ខ្នង​ចេញ​ទៅ ព្រះ‌បាទ​សូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​ឲ្យ​រហែក។ លោក​សាំយូ‌អែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះ‌ករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះ‌ករុណា។ ព្រះ‌អម្ចាស់ ដែល​ជា​សិរី‌រុងរឿង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សម្ដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រា‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក»។ លោក​សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះ‌បាទ​សូល ហើយ​ព្រះ‌បាទ​សូល​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

១ សាំយូអែល 15:22-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត ឯ​សេចក្ដី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្ដី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។ នោះ​សូល​ទ្រង់​ឆ្លើយ​ទៅ​សាំយូ‌អែល​ថា ខ្ញុំ​មាន​បាប​ហើយ ពី​ព្រោះ​ខ្ញុំ​បាន​រំលង​សេចក្ដី​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា នឹង​ពាក្យ​របស់​លោក​ផង ដោយ​ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្តាប់​តាម​គេ​វិញ ដូច្នេះ សូម​ឲ្យ​លោក​អត់​ទោស​ខ្ញុំ​ឥឡូវ ហើយ​វិល​មក​ខាង​ខ្ញុំ​វិញ​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ផង តែ​សាំយូ‌អែល​ប្រកែក​ថា ទូលបង្គំ​មិន​ព្រម​វិល ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ដែរ រួច​កាល​សាំយូ‌អែល​បែរ​ខ្លួន​រៀប​នឹង​ចេញ​ទៅ នោះ​សូល​ចាប់​ជាយ​អាវ​លោក ហើយ​អាវ​ក៏​រហែក ដូច្នេះសាំយូ‌អែល​ទូល​ទ្រង់​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រាអែល ពី​ទ្រង់​ចេញ​ហើយ ក៏​បាន​ប្រទាន​ឲ្យ​ដល់អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ ១​ទៀត ព្រះ​ដ៏​ជា​កំឡាំង​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មិន​ចេះ​កុហក ឬ​ប្រែ‌ប្រួល​ឡើយ ដ្បិត​ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​ប្រែ‌ប្រួល​ទេ នោះ​សូល​មាន​បន្ទូល​ថា ខ្ញុំ​បាន​ធ្វើ​បាប ប៉ុន្តែសូម​លើក​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ខ្ញុំ​នេះ ហើយ​នៅ​មុខ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង សូម​មក​ខាង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដែរ ដូច្នេះសាំយូ‌អែល​បាន​វិល​មក​ខាង​សូល​វិញ ហើយ​សូល​ទ្រង់​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។