១ សាំយូអែល 15:12-35
១ សាំយូអែល 15:12-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកសាំយូអែលក្រោកឡើងពីព្រលឹម ដើម្បីទៅជួបនឹងស្ដេចសូលនៅព្រឹកនោះ មានគេជម្រាបលោកសាំយូអែលថា៖ «ស្ដេចសូលបានយាងមកដល់កើមែលហើយ ទ្រង់បានបោះគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅគីលកាលវិញ»។ ដូច្នេះ លោកសាំយូអែលក៏ទៅរកស្ដេចសូល ហើយស្ដេចសូលមានរាជឱង្ការថា៖ «សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ»។ តែលោកសាំយូអែលទូលឆ្លើយថា៖ «ចុះដូចម្តេចបានជាឮសូរសព្ទចៀម និងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ?» ស្ដេចសូលមានរាជឱង្ការថា៖ «គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាឡេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ»។ នោះលោកសាំយូអែលទូលថា៖ «ឈប់សិន ទូលបង្គំនឹងទូលព្រះករុណាពីសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «សូមមានប្រសាសន៍មកចុះ»។ លោកសាំយូអែលក៏ទូលថា៖ «ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្ររបស់អង្គ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានទេឬ? គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា "ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាឡេកមានបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេរហូតដល់វិនាសបាត់ទាំងអស់"។ ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាដូច្នេះ?» តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។ ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។ លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។ ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។ ស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំមានបាបហើយ ព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង»។ តែលោកសាំយូអែលប្រកែកថា៖ «ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ»។ កាលលោកសាំយូអែលបែរខ្នងចេញទៅ នោះស្ដេចសូលចាប់ជាយអាវលោក ហើយអាវក៏រហែក។ ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។ ម្យ៉ាងទៀត ព្រះជាសិរីល្អរបស់សាសន៍អ៊ីស្រាអែលមិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតព្រះអង្គមិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»។ នោះស្ដេចសូលមានរាជឱង្ការថា៖ «ខ្ញុំបានធ្វើបាបហើយ តែសូមលើកមុខខ្ញុំនៅចំពោះមុខពួកចាស់ទុំរបស់សាសន៍ខ្ញុំនេះ និងនៅមុខសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង សូមមកខាងខ្ញុំវិញ ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះរបស់លោកដែរ»។ ដូច្នេះ លោកសាំយូអែលបានវិលមកខាងស្ដេចសូលវិញ ហើយស្ដេចសូលក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។ ពេលនោះ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេកមកនេះ» ស្តេចអ័កាក់ក៏ដើរមករកលោកដោយរីករាយ ព្រោះនឹកស្មានក្នុងចិត្តថា «ប្រាកដជាភាពល្វីងជូរចត់នៃសេចក្ដីស្លាប់កន្លងផុតហើយ»។ ប៉ុន្តែ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រ្តីព្រាត់ប្រាស់កូន ដូច្នេះ ម្តាយរបស់ឯងក៏នឹងត្រូវព្រាត់ប្រាស់កូនដូច្នោះដែរ»។ រួចលោកសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។ លោកសាំយូអែលក៏វិលទៅរ៉ាម៉ាវិញ ហើយស្ដេចសូលឡើងទៅលំនៅរបស់ព្រះអង្គនៅគីបៀរ ជាស្រុករបស់ព្រះអង្គវិញដែរ។ លោកសាំយូអែលលែងមកជួបស្ដេចសូលទៀតរហូតដល់លោកស្លាប់ តែលោកសាំយូអែលសោកស្តាយស្ដេចសូលណាស់ ឯព្រះយេហូវ៉ាស្តាយដែលព្រះអង្គបានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ។
១ សាំយូអែល 15:12-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះបាទសូល តែគេជម្រាបលោកថា ព្រះបាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។ កាលលោកសាំយូអែលជួបព្រះបាទសូលហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ហើយ»។ លោកសាំយូអែលទូលសួរថា៖ «ចុះហេតុអ្វីបានជាទូលបង្គំឮសម្រែកចៀម និងគោដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ាឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់អស់ហើយ»។ លោកសាំយូអែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ លោកសាំយូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថាខ្លួនជាមនុស្សទន់ទាបក្ដី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែលរួចហើយ។ ព្រះអម្ចាស់ចាត់ព្រះករុណាឲ្យទៅច្បាំង ដោយមានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាបសូន្យទៅ”។ ហេតុអ្វីបានជាព្រះករុណាមិនគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់? ហេតុអ្វីបានជាព្រះករុណាយកជយភណ្ឌពីខ្មាំង ហើយប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអង្គទៀតដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការតបទៅលោកសាំយូអែលថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ហើយ ខ្ញុំបានចេញទៅច្បាំងនៅស្រុកដែលព្រះអម្ចាស់ចាត់ឲ្យទៅ។ ខ្ញុំចាប់បានអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ថ្វាយព្រះអង្គដែរ។ ពួកពលទាហានរើសយកជយភណ្ឌ មានគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកនៅគីលកាល់»។ លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជា ខ្លាំងជាងការស្ដាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាងថ្វាយយញ្ញបូជាទៅទៀត ការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។ រីឯការបះបោរអាក្រក់ដូចការរកគ្រូទាយ ហើយចិត្តរឹងរូសក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ព្រះករុណាបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចទៀតហើយ»។ ព្រះបាទសូលមានរាជឱង្ការទៅកាន់លោកសាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទបញ្ជារបស់ព្រះអម្ចាស់ ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។ ឥឡូវនេះ ខ្ញុំអង្វរលោក សូមមេត្តាអត់ទោសឲ្យខ្ញុំ ដែលបានប្រព្រឹត្តអំពើបាបនេះផង។ សូមលោកត្រឡប់មកជាមួយខ្ញុំវិញ ដើម្បីឲ្យខ្ញុំទៅក្រាបថ្វាយបង្គំព្រះអម្ចាស់»។ លោកសាំយូអែលទូលតបព្រះបាទសូលថា៖ «ទូលបង្គំមិនវិលទៅជាមួយព្រះករុណាវិញទេ ដ្បិតព្រះករុណាបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះអម្ចាស់ក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតដែរ»។ កាលលោកសាំយូអែលបែរខ្នងចេញទៅ ព្រះបាទសូលចាប់ទាញជាយអាវធំរបស់លោក ធ្វើឲ្យរហែក។ លោកសាំយូអែលទូលស្ដេចថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ដកហូតរាជចេញពីព្រះករុណា លែងឲ្យគ្រងរាជលើជនជាតិអ៊ីស្រាអែលទៀតហើយ ព្រះអង្គប្រគល់រាជសម្បត្តិនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងព្រះករុណា។ ព្រះអម្ចាស់ ដែលជាសិរីរុងរឿងរបស់ជនជាតិអ៊ីស្រាអែល មិនចេះកុហក មិនក្រឡាស់ពាក្យសម្ដី ហើយមិនចេះស្ដាយក្រោយដូចមនុស្សលោកទេ»។ ព្រះបាទសូលមានរាជឱង្ការថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះ ខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកព្រឹទ្ធាចារ្យនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រាអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់លោក»។ លោកសាំយូអែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះបាទសូល ហើយព្រះបាទសូលក្រាបថ្វាយបង្គំព្រះអម្ចាស់។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។ លោកសាំយូអែលវិលទៅរ៉ាម៉ាវិញ ហើយព្រះបាទសូលក៏វិលទៅដំណាក់នៅគីបៀរដែរ។ លោកសាំយូអែលលែងទៅជួបព្រះបាទសូលទៀតរហូតដល់ថ្ងៃស្លាប់។ លោកសាំយូអែលយំសោកស្ដាយព្រះបាទសូល ដ្បិតព្រះអម្ចាស់ខកព្រះហឫទ័យ ដោយបានតែងតាំងព្រះបាទសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល។
១ សាំយូអែល 15:12-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជំរាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ ដូច្នេះសាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសំរេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ តែសាំយូអែលទូលឆ្លើយថា ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនឹងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សំរាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះសូមមានប្រសាសន៍ចុះ។ សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ ដូច្នេះហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ ប៉ុន្តែពួកទ័ពបានចាប់យករបឹប ជាចៀម នឹងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃលោកនៅត្រង់គីលកាល សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត ឯសេចក្ដីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្ដីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនឹងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចទៀត ដោយព្រោះទ្រង់បានបោះបង់ចោល លែងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ។ នោះសូលទ្រង់ឆ្លើយទៅសាំយូអែលថា ខ្ញុំមានបាបហើយ ពីព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា នឹងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែក ដូច្នេះសាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែល ពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យដល់អ្នកជិតខាងដែលល្អជាងទ្រង់វិញ ១ទៀត ព្រះដ៏ជាកំឡាំងនៃសាសន៍អ៊ីស្រាអែលទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ នោះសូលមានបន្ទូលថា ខ្ញុំបានធ្វើបាប ប៉ុន្តែសូមលើកមុខខ្ញុំនៅចំពោះមុខពួកចាស់ទុំនៃសាសន៍ខ្ញុំនេះ ហើយនៅមុខសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង សូមមកខាងខ្ញុំវិញ ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃលោកដែរ ដូច្នេះសាំយូអែលបានវិលមកខាងសូលវិញ ហើយសូលទ្រង់ក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។ លំដាប់នោះ សាំយូអែលប្រាប់ថា ចូរនាំអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកឯនេះ អ័កាក់ក៏ដើរមកឯលោកងង៉ើល ដោយនឹកក្នុងចិត្តថា ប្រាកដជាសេចក្ដីជូរល្វីងនៃសេចក្ដីស្លាប់បានកន្លងហួសហើយ តែសាំយូអែលមានប្រសាសន៍ថា ដាវឯងបានធ្វើឲ្យពួកស្រីៗទៅជាឥតកូន ដូច្នេះម្តាយឯងក៏នឹងឥតកូនយ៉ាងនោះដែរ រួចសាំយូអែលក៏កាប់អ័កាក់កំទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។ រួចសាំយូអែលវិលទៅឯរ៉ាម៉ាវិញទៅ ហើយសូលទ្រង់ឡើងទៅឯលំនៅទ្រង់នៅគីបៀរ ជាស្រុករបស់ទ្រង់វិញដែរ ឯសាំយូអែលលោកលែងមកសួរសូលទៀតរហូតដល់លោកស្លាប់ តែសាំយូអែលសោកស្តាយនឹងសូលណាស់ ឯព្រះយេហូវ៉ាទ្រង់ស្តាយដែលទ្រង់បានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលផង។