១ សាំយូអែល 15:1-3
១ សាំយូអែល 15:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ លោកសាំយូអែលទូលទៅស្ដេចសូលថា៖ «ព្រះយេហូវ៉ាបានចាត់ទូលបង្គំឲ្យមកចាក់ប្រេងតាំងទ្រង់ឡើងធ្វើជាស្តេចលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលព្រះយេហូវ៉ាឥឡូវនេះ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។ ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
១ សាំយូអែល 15:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ទូលបង្គំឲ្យមកចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ឥឡូវនេះ សូមព្រះករុណាព្រះសណ្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រាអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រាអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។ ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
១ សាំយូអែល 15:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ សាំយូអែលទូលទៅសូលថា ព្រះយេហូវ៉ាទ្រង់បានចាត់ទូលបង្គំមក ឲ្យចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវនេះចុះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា អញនឹកចាំពីការ ដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែលហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក ដូច្នេះចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឲ្យសំឡាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង នឹងកូនដែលនៅបៅផង ទាំងគោ ចៀម នឹងអូដ្ឋ ហើយនឹងលាដែរ។