១ សាំយូអែល 15:1-23
១ សាំយូអែល 15:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ លោកសាំយូអែលទូលទៅស្ដេចសូលថា៖ «ព្រះយេហូវ៉ាបានចាត់ទូលបង្គំឲ្យមកចាក់ប្រេងតាំងទ្រង់ឡើងធ្វើជាស្តេចលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលព្រះយេហូវ៉ាឥឡូវនេះ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។ ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។ ដូច្នេះ ស្ដេចសូលក៏កេណ្ឌប្រមូលប្រជាជន ហើយរាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួនពីរសែននាក់ និងពួកយូដាមួយម៉ឺននាក់ទៀត។ រួចសូលក៏នាំទៅទីក្រុងរបស់ពួកអាម៉ាឡេក ហើយបង្កប់ពលនៅវាលច្រកភ្នំ។ ស្ដេចសូលមានរាជឱង្ការទៅសាសន៍កែនថា៖ «ចូរអ្នករាល់គ្នាថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ ក្រែងត្រូវស្លាប់ជាមួយគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក»។ ដូច្នេះ ពួកសាសន៍កែនក៏ថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ។ រួចសូលបានវាយពួកអាម៉ាឡេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេក មកទាំងរស់ តែប្រហារប្រជាជនដោយមុខដាវ។ ស្ដេចសូលបានទុកឲ្យអ័កាក់ និងពួកទ័ពនៅរស់ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ ឯសត្វណាដែលស្គមស្គាំងមានតម្លៃតិច នោះគេបានបំផ្លាញចោលទាំងអស់។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «យើងស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមយើងហើយ ក៏មិនបានធ្វើតាមបង្គាប់របស់យើងសោះ» នោះលោកសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញមួយយប់។ លោកសាំយូអែលក្រោកឡើងពីព្រលឹម ដើម្បីទៅជួបនឹងស្ដេចសូលនៅព្រឹកនោះ មានគេជម្រាបលោកសាំយូអែលថា៖ «ស្ដេចសូលបានយាងមកដល់កើមែលហើយ ទ្រង់បានបោះគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅគីលកាលវិញ»។ ដូច្នេះ លោកសាំយូអែលក៏ទៅរកស្ដេចសូល ហើយស្ដេចសូលមានរាជឱង្ការថា៖ «សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ»។ តែលោកសាំយូអែលទូលឆ្លើយថា៖ «ចុះដូចម្តេចបានជាឮសូរសព្ទចៀម និងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ?» ស្ដេចសូលមានរាជឱង្ការថា៖ «គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាឡេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ»។ នោះលោកសាំយូអែលទូលថា៖ «ឈប់សិន ទូលបង្គំនឹងទូលព្រះករុណាពីសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «សូមមានប្រសាសន៍មកចុះ»។ លោកសាំយូអែលក៏ទូលថា៖ «ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្ររបស់អង្គ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានទេឬ? គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា "ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាឡេកមានបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេរហូតដល់វិនាសបាត់ទាំងអស់"។ ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាដូច្នេះ?» តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។ ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។ លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។ ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
១ សាំយូអែល 15:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ទូលបង្គំឲ្យមកចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ឥឡូវនេះ សូមព្រះករុណាព្រះសណ្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រាអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រាអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។ ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។ ព្រះបាទសូលក៏កេណ្ឌទ័ព ហើយយាងចេញមកត្រួតពលនៅថេលែម មានទ័ពថ្មើរជើងចំនួន២០០ ០០០នាក់ ព្រមទាំងមានទាហាន ១០ ០០០នាក់ ពីកុលសម្ព័ន្ធយូដាថែមទៀតផង។ កាលព្រះបាទសូលយាងទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក ទ្រង់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នាជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែល ដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។ ព្រះបាទសូលវាយពួកអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់ស៊ើរ ដែលនៅខាងកើតស្រុកអេស៊ីប។ ស្ដេចចាប់បានព្រះបាទអកាក់ ជាស្ដេចរបស់ពួកអាម៉ាឡេក ទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែព្រះបាទសូល និងកងទ័ពបានទុកជីវិតឲ្យស្ដេចអកាក់ ព្រមទាំងសត្វដ៏ល្អៗជាងគេ មានគោ ចៀម សត្វធាត់ៗ កូនចៀម និងអ្វីៗដែលល្អបំផុត ពួកគេមិនព្រមបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់ទេ។ ពួកគេបំផ្លាញតែអ្វីៗដែលគ្មានតម្លៃ និងគ្មានប្រយោជន៍ប៉ុណ្ណោះ។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា «យើងសោកស្ដាយណាស់ដោយបានតែងតាំងសូលជាស្ដេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ លោកសាំយូអែលរន្ធត់ចិត្តជាខ្លាំង លោកទូលអង្វរព្រះអម្ចាស់ពេញមួយយប់។ លោកសាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះបាទសូល តែគេជម្រាបលោកថា ព្រះបាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។ កាលលោកសាំយូអែលជួបព្រះបាទសូលហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ហើយ»។ លោកសាំយូអែលទូលសួរថា៖ «ចុះហេតុអ្វីបានជាទូលបង្គំឮសម្រែកចៀម និងគោដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ាឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់អស់ហើយ»។ លោកសាំយូអែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ លោកសាំយូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថាខ្លួនជាមនុស្សទន់ទាបក្ដី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែលរួចហើយ។ ព្រះអម្ចាស់ចាត់ព្រះករុណាឲ្យទៅច្បាំង ដោយមានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាបសូន្យទៅ”។ ហេតុអ្វីបានជាព្រះករុណាមិនគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់? ហេតុអ្វីបានជាព្រះករុណាយកជយភណ្ឌពីខ្មាំង ហើយប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអង្គទៀតដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការតបទៅលោកសាំយូអែលថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ហើយ ខ្ញុំបានចេញទៅច្បាំងនៅស្រុកដែលព្រះអម្ចាស់ចាត់ឲ្យទៅ។ ខ្ញុំចាប់បានអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ថ្វាយព្រះអង្គដែរ។ ពួកពលទាហានរើសយកជយភណ្ឌ មានគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកនៅគីលកាល់»។ លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជា ខ្លាំងជាងការស្ដាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាងថ្វាយយញ្ញបូជាទៅទៀត ការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។ រីឯការបះបោរអាក្រក់ដូចការរកគ្រូទាយ ហើយចិត្តរឹងរូសក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ព្រះករុណាបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចទៀតហើយ»។
១ សាំយូអែល 15:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ សាំយូអែលទូលទៅសូលថា ព្រះយេហូវ៉ាទ្រង់បានចាត់ទូលបង្គំមក ឲ្យចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវនេះចុះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា អញនឹកចាំពីការ ដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែលហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក ដូច្នេះចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឲ្យសំឡាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង នឹងកូនដែលនៅបៅផង ទាំងគោ ចៀម នឹងអូដ្ឋ ហើយនឹងលាដែរ។ ដូច្នេះ សូលទ្រង់ក៏កេណ្ឌប្រមូលបណ្តាជន ហើយគណនារាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួន២សែននាក់ នឹងពួកយូដា១ម៉ឺននាក់ទៀត រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ រួចសូលទ្រង់វាយពួកអាម៉ាលេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរ ដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាលេក មកទាំងរស់ តែកាប់រំលីងពួកជនដោយមុខដាវ ឯអ័កាក់នោះ សូល នឹងពួកទ័ព បានទុកឲ្យនៅវិញ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ នឹងសត្វដែលធាត់ៗ ហើយកូនចៀម នឹងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ តែឯសត្វណាដែលស្គមស្គាំងមានដំឡៃតិច នោះគេបានបំផ្លាញចេញទាំងអស់វិញ។ ខណនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាំយូអែលថា អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់ រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជំរាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ ដូច្នេះសាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសំរេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ តែសាំយូអែលទូលឆ្លើយថា ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនឹងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សំរាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះសូមមានប្រសាសន៍ចុះ។ សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ ដូច្នេះហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ ប៉ុន្តែពួកទ័ពបានចាប់យករបឹប ជាចៀម នឹងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃលោកនៅត្រង់គីលកាល សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត ឯសេចក្ដីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្ដីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនឹងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចទៀត ដោយព្រោះទ្រង់បានបោះបង់ចោល លែងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ។