១ សាំយូអែល 14:6-15
១ សាំយូអែល 14:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។ ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា៖ «សូមសម្រេចតាមតែគំនិតរបស់លោក ហើយធ្វើតាមតែចិត្តប្រាថ្នាចុះ មើល៍ ខ្ញុំនៅជាមួយលោកស្រាប់ហើយ»។ ដូច្នេះ យ៉ូណាថានប្រាប់ថា៖ «ឥឡូវ យើងនឹងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនយើងឲ្យគេឃើញ ប្រសិនបើគេប្រាប់យើងថា "ចូររង់ចាំរហូតដល់យើងមករកអ្នក" នោះយើងនឹងឈរនៅនឹងកន្លែង យើងនឹងមិនឡើងទៅរកគេឡើយ។ ប៉ុន្តែ ប្រសិនបើគេប្រាប់ថា "ចូរឡើងមករកយើង" នោះយើងនឹងឡើងទៅ ដ្បិតព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃយើងហើយ នេះនឹងបានជាទីសម្គាល់ដល់យើង»។ ដូច្នេះ អ្នកទាំងពីរក៏បង្ហាញខ្លួនឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា៖ «មើល៍! ពួកហេព្រើរចេញពីរូងដែលគេពួននោះហើយ» គេក៏និយាយទៅយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរឡើងមករកយើងចុះ យើងនឹងបង្ហាញឲ្យអ្នកដឹង» នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរអ្នកឡើងមកតាមក្រោយយើងមក ដ្បិតព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្ដាប់ដៃនៃអ៊ីស្រាអែលហើយ»។ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ។ ពួកភីលីស្ទីនក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សម្លាប់គេជាក្រោយ។ នៅពេលដែលយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសម្លាប់គេមុនដំបូង នោះបានស្លាប់អស់ប្រហែលជាម្ភៃនាក់ នៅលើដីចំនួនមួយងារ។ នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល និងនៅក្នុងពួកបណ្ដាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ និងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។
១ សាំយូអែល 14:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។ សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្ដេចចុះ! កុំបង្អង់ឡើយ ទូលបង្គំដើរតាមក្រោយសម្ដេចជានិច្ច»។ សម្ដេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។ បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសម្គាល់ឲ្យយើងដឹងថា ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់យើងហើយ»។ អ្នកទាំងពីរបង្ហាញខ្លួនឲ្យពួកខ្សែត្រៀមរបស់ភីលីស្ទីនឃើញ។ ពួកភីលីស្ទីនពោលថា៖ «មើលហ្ន៎! ពួកហេប្រឺចេញពីរូងដែលគេពួនហើយ!»។ ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្ដេចយ៉ូណាថានប្រាប់សេនារបស់សម្ដេចថា៖ «ឡើងតាមខ្ញុំ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលហើយ»។ សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។ នៅគ្រាដំបូង សម្ដេចយ៉ូណាថាន និងសេនា បានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។ ពេលនោះ ក៏កើតការភ័យញាប់ញ័រនៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្ដាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។
១ សាំយូអែល 14:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា សូមសំរេចតាមតែលោកចុះ ចង់បែរទៅខាងណាក៏តាមតែចិត្ត មើល ខ្ញុំនៅជាមួយនឹងលោកស្រាប់ ដូច្នេះយ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសំដែងខ្លួនយើងឲ្យគេឃើញ បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ តែបើគេថា ចូរឡើងមកឯយើងចុះ នោះយើងនឹងឡើងទៅ ដ្បិតច្បាស់ជាព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្តាប់ដៃយើងហើយ នេះឯងនឹងបានជាទីសំគាល់ដល់យើង ដូច្នេះអ្នកទាំង២ក៏សំដែងខ្លួន ឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា មើល ពួកហេព្រើរចេញពីរូងដែលគេពួននៅនោះហើយ គេក៏និយាយទៅយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សំឡាប់គេជាក្រោយ រីឯក្នុងកាលដែលយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសំឡាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល នឹងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ នឹងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។