១ សាំយូអែល 14:24-30

១ សាំយូអែល 14:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​បាន​ឲ្យ​គេ​ស្បថ​ថា៖ «អ្នក​ណា​ដែល​បរិ‌ភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​យើង​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្ដាសា» ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិ‌ភោគ​អ្វី​ឡើយ។ កាល​ប្រជា​ជន​ទាំង​ប៉ុន្មាន​បាន​ចូលមកដល់​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី។ ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ព្រោះ​គេ​ខ្លាច​ពាក្យ​សម្បថ​នោះ។ តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សម្បថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិ‌ភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង។ នោះ​មាន​ម្នាក់​ជម្រាប​ថា៖ «បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា "អ្នក​ណា​បរិ‌ភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្ដាសា" ពួក​បណ្ដា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់»។ ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា៖ «បិតា​របស់​យើង​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល៍ យើង​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ។ ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិ‌ភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលី‌ស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត»។

១ សាំយូអែល 14:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​ព្រះ‌បាទ​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង‌សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។ ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។ សម្ដេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្ដេច​ក៏​យក​ដំបង​ដែល​ទ្រង់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្ដេច​មាន​ទឹក​មុខ​ស្រស់‌បស់។ ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្ដេច​យ៉ូណា‌ថាន​ថា៖ «បិតា​របស់​សម្ដេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ‌ហត់​ទាំង​អស់​គ្នា»។ សម្ដេច​យ៉ូណា‌ថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។ ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលីស្ទីន ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។

១ សាំយូអែល 14:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​ទ្រង់​បាន​ឲ្យ​គេ​ស្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​អញ​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្តាសា ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិភោគ​អ្វី​ឡើយ គេ​ក៏​បាន​ដល់​ទៅ​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ពី​ព្រោះ​គេ​ខ្លាច​ពាក្យ​សំបថនោះ តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សំបថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង នោះ​មាន​ម្នាក់​ជំរាប​ថា បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សំបថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្តាសា រីឯ​ពួក​បណ្តា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់ ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា បិតា​អញ​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល អញ​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលីស្ទីន​រឹត‌តែ​ច្រើន​លើស​ទៅ​ទៀត។