១ សាំយូអែល 14:1-6
១ សាំយូអែល 14:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ យ៉ូណាថាន ជាបុត្រារបស់ស្ដេចសូល ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ»។ ប៉ុន្តែ លោកមិនបានទូលដល់បិតាឲ្យជ្រាបទេ។ ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង ព្រមទាំងអ័ហ៊ីយ៉ាជាកូនអ័ហ៊ីទូប បងរបស់អ៊ីកាបូឌ ដែលជាកូនភីនេហាស ភីនេហាស ជាកូនអេលី ជាសង្ឃរបស់ព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ។ នៅកណ្ដាលច្រកភ្នំដែលយ៉ូណាថានចង់ឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ មួយឈ្មោះបូសេស ហើយមួយទៀតឈ្មោះសេនេ។ មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយមួយនៅខាងត្បូងទល់មុខនឹងកេបា។ យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។
១ សាំយូអែល 14:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។ ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះជាម្ចាស់នៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្ដេចយ៉ូណាថានចេញទៅទេ។ ច្រកភ្នំដែលសម្ដេចយ៉ូណាថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។ ថ្មស្រួចមួយស្ថិតនៅខាងជើង ទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។ សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។
១ សាំយូអែល 14:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ ឯសូល ទ្រង់នៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយប្រហែលជា៦០០នាក់ផង ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ រីឯនៅកណ្តាលច្រកភ្នំ ដែលយ៉ូណាថានចង់ឆ្លង ទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ ១ឈ្មោះបូសេស ហើយ១ទៀតឈ្មោះសេនេ មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។ យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ