១ សាំយូអែល 13:1-15
១ សាំយូអែល 13:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចសូលមានព្រះជន្ម… ព្រះវស្សានៅពេលទ្រង់ឡើងសោយរាជ្យ ហើយស្ដេចសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន…ពីរ ឆ្នាំ។ ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ គ្រានោះ យ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលផ្លុំត្រែឡើងពេញក្នុងស្រុកដោយថា៖ «ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា ស្ដេចសូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលដែរ នោះប្រជាជនក៏ប្រមូលគ្នាទៅរកសូល នៅត្រង់គីលកាល។ ពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចម្បាំងបីម៉ឺន ពលសេះប្រាំមួយពាន់ និងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមក បោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន។ ពេលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ព្រោះបណ្ដាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាង ក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន។ រីឯពួកហេព្រើរខ្លះ គេឆ្លងទន្លេយ័រដាន់ ទៅស្រុកកាដ និងស្រុកកាឡាតទៅ តែសូលនៅត្រង់គីលកាលនៅឡើយ ហើយបណ្ដាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។ ស្ដេចក៏រង់ចាំនៅប្រាំពីរថ្ងៃ តាមកំណត់ដែលលោកសាំយូអែលបានសន្យា តែលោកសាំយូអែលមិនបានមកដល់គីលកាលទេ ហើយប្រជាជនក៏ខ្ចាត់ខ្ចាយចេញពីស្ដេចអស់ទៅ។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតនោះមកឲ្យខ្ញុំ ព្រមទាំងតង្វាយមេត្រីផង» រួចទ្រង់ក៏ថ្វាយតង្វាយដុតនោះទៅ តែកាលដុតថ្វាយរួច លោកសាំយូអែលក៏មកដល់ ហើយស្ដេចសូលក៏ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក។ ប៉ុន្តែ លោកសាំយូអែលទូលសួរថា៖ «តើបានធ្វើអ្វីហ្នឹង?» ស្ដេចសូលឆ្លើយថា៖ «ដោយព្រោះខ្ញុំឃើញថា បណ្ដាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមកនៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមកនៅមីកម៉ាសផង នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរដល់ព្រះយេហូវ៉ាផង ដូច្នេះ ខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយតង្វាយនេះទៅ»។ លោកសាំយូអែលឆ្លើយថា៖ «ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តិរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ តាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរហូតទៅ តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ារកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គវិញ ព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។ រួចលោកសាំយូអែលក៏ក្រោកឡើង ហើយចេញពីគីលកាល ។ ប្រជាជនឯទៀតបានឡើងទៅតាមស្ដេចសូល ដើម្បីជួបកងទ័ព ពួកគេបានឡើងពីគីលកាល ទៅគីបៀរ នៅស្រុកបេនយ៉ាមីន ។
១ សាំយូអែល 13:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលបានឡើងគ្រងរាជ្យនៅពេលស្ដេចមានព្រះជន្មាយុ…វស្សា។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានពីរឆ្នាំហើយ ព្រះបាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។ ថ្ងៃមួយ សម្ដេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះ ព្រះបាទសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូល ដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្ដាប់!»។ ប្រជាជនអ៊ីស្រាអែលទាំងមូលទទួលដំណឹងថា ព្រះបាទសូលបានវាយទីតាំងទ័ពរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យជនជាតិភីលីស្ទីនខឹងនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ប្រជាជនក៏មកប្រមូលផ្ដុំគ្នាជុំវិញព្រះបាទសូល នៅគីលកាល់។ ជនជាតិភីលីស្ទីនប្រមូលទ័ពចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចម្បាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។ កាលប្រជាជនអ៊ីស្រាអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រាអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមគុហា តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។ មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯព្រះបាទសូលវិញ ទ្រង់គង់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្ដេច ញ័ររន្ធត់យ៉ាងខ្លាំង។ ព្រះបាទសូលរង់ចាំជួបលោកសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញលោកអញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្ដេច។ ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព មកឲ្យខ្ញុំ»។ ស្ដេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។ នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។ លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះករុណាធ្វើអ្វីហ្នឹង?»។ ព្រះបាទសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោតក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្ដុំគ្នានៅមីកម៉ាស់ នោះខ្ញុំគិតថា “ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីលកាល់ជាមិនខាន តែខ្ញុំមិនបានទូលអង្វរព្រះអម្ចាស់”។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តថ្វាយតង្វាយដុតនេះទៅ»។ លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះករុណាបានប្រព្រឹត្តដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណា ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។ ឥឡូវនេះ រាជ្យរបស់ព្រះករុណាមិនអាចគង់វង្សឡើយ ព្រះអម្ចាស់ស្វែងរកមនុស្សម្នាក់ដែលគាប់ព្រះហឫទ័យព្រះអង្គ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះព្រះករុណាមិនបានធ្វើតាមបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកទេ»។ លោកសាំយូអែលចាកចេញពីគីលកាល់ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ ព្រះបាទសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថាមានប្រហែលប្រាំមួយរយនាក់។
១ សាំយូអែល 13:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលសូលសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន២ឆ្នាំ នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ គ្រានោះយ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលទ្រង់ផ្លុំត្រែឡើង នៅពេញក្នុងស្រុកដោយថា ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា សូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើម ដល់សាសន៍អ៊ីស្រាអែលដែរ នោះបណ្តាជនទាំងឡាយ គេមូលគ្នាទៅឯសូល នៅត្រង់គីលកាល។ ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម នឹងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ ទៅឯស្រុកកាឌ់ ហើយនឹងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។ ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ ដូច្នេះ ទ្រង់មានបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក ប៉ុន្តែសាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរ ដល់ព្រះយេហូវ៉ាផង ដូច្នេះខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយដង្វាយនេះទៅ សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រង លើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។