១ សាំយូអែល 12:1-5

១ សាំយូអែល 12:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោកសាំយូ‌អែល​បាន​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​បាន​ស្តាប់​គ្រប់​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ហើយ ខ្ញុំ​បាន​តាំង​ឲ្យ​មាន​ស្តេច​លើ​អ្នក​រាល់​គ្នា។ ពី​ឥឡូវ​នេះ​ទៅ ស្តេច​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា ឯ​ខ្ញុំ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ ប៉ុន្តែ មាន​កូន​របស់​ខ្ញុំ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង​មក​រហូត​ដល់​ថ្ងៃ​នេះ។ ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​នៅ​មុខ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ ថា​តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា? តើខ្ញុំបាន​យក​លា​របស់​អ្នក​ណា? តើ​ខ្ញុំ​បាន​បំភាន់​អ្នក​ណា? តើ​ខ្ញុំ​បាន​សង្កត់‌សង្កិន​អ្នក​ណា? ឬ​តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដើម្បី​បំបិទ​ភ្នែក​ខ្ញុំ? សូម​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​សងគេ​វិញ»។ ពួក​គេ​ឆ្លើយ​ថា៖ «លោក​មិន​ដែល​បំភាន់​បំបាត់ ឬ​សង្កត់‌សង្កិន​យើង​ខ្ញុំ​ឡើយ ក៏​មិន​ដែល​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដែរ»។ រួច​លោក​មាន​ប្រ‌សាសន៍​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ ឯ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ក៏​ជា​ទី​បន្ទាល់​ដែរ​ថា អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ដៃ​ខ្ញុំ​សោះ​ឡើយ» នោះ​គេ​ទទួល​ថា៖ «ព្រះ‌អង្គ​ជា​ទី​បន្ទាល់​មែន​ហើយ»។

១ សាំយូអែល 12:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ខ្ញុំ​បាន​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ហើយ គឺ​ខ្ញុំ​បាន​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា។ អំណើះ​ត​ទៅ ស្ដេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​ចំពោះ​ស្ដេច ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិ‌សេក​ចុះ ថា​តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង‌ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្ដោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។ ប្រជា‌ជន​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេង‌ប្រវ័ញ្ច​សង្កត់‌សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី ហើយ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះអង្គ​ជា​សាក្សី!»។

១ សាំយូអែល 12:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា មើល ខ្ញុំ​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ហើយ ខ្ញុំ​បាន​តាំង​ឲ្យ​មាន​ស្តេច​លើ​អ្នក​រាល់​គ្នា ឥឡូវ​នេះ មើល ស្តេច​ទ្រង់​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​មុខ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា ឬ​យក​លា​របស់​អ្នក​ណា តើ​ខ្ញុំ​បាន​បំភាន់​បំបាត់ឬ​សង្កត់‌សង្កិន​អ្នក​ណា តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា ដើម្បី​ឲ្យ​ខ្ញុំ​ធ្មេច​ភ្នែក នោះ​ខ្ញុំ​នឹង​សង​ដល់​អ្នក​រាល់​គ្នា​វិញ តែ​គេ​ឆ្លើយ​ឡើង​ថា លោក​មិន​ដែល​បំភាន់​បំបាត់ឬ​សង្កត់‌សង្កិន​យើង​ខ្ញុំ​ឡើយ ក៏​មិន​ដែល​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដែរ រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ ឯ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ក៏​ជា​ទី​បន្ទាល់​ដែរ​ថា អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​មាន​អ្វី នៅ​ក្នុង​ដៃ​ខ្ញុំ​សោះ​ឡើយ នោះ​គេ​ទទួល​ថា ទ្រង់​ជា​ទី​បន្ទាល់​មែន​ហើយ។