១ សាំយូអែល 12:1-25
១ សាំយូអែល 12:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើអ្នករាល់គ្នា។ អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។ ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។ ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។ លោកសាំយូអែលមានប្រសាសន៍ទៅពួកគេទៀតថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ធ្វើជាសាក្សី ហើយស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក ក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយ យើងមានព្រះអង្គជាសាក្សី!»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំឭកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។ ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។ ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។ ព្រះអម្ចាស់ក៏ចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងខ្ញុំ សាំយូអែល ឲ្យមក។ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្ដីសុខសាន្ត។ ពេលអ្នករាល់គ្នាឃើញព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារឲ្យខ្ញុំតែងតាំងស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់អ្នករាល់គ្នាទេ។ ដូច្នេះ នេះនែ៎ ស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្ដេចដែលអ្នករាល់គ្នាសុំ! ព្រះអម្ចាស់ប្រទានស្ដេចនោះមកអ្នករាល់គ្នាហើយ! ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ប្រសិនបើអ្នករាល់គ្នាគោរពបម្រើព្រះអង្គ ប្រសិនបើអ្នករាល់គ្នាស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នា និងស្ដេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខសប្បាយ។ ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងដាក់ទោសអ្នករាល់គ្នា ដូចព្រះអង្គបានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។ ឥឡូវនេះ ចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំ ដែលព្រះអម្ចាស់នឹងសម្តែងឲ្យអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។ ពេលនេះជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដោយសុំឲ្យមានស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។ លោកសាំយូអែលទូលអង្វរព្រះអម្ចាស់ ហើយនៅថ្ងៃដដែលនោះ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាចព្រះអម្ចាស់ និងលោកសាំយូអែលយ៉ាងខ្លាំង។ ប្រជាជនទាំងនោះជម្រាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក ក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្ដេច»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ កុំងាកចេញពីព្រះអង្គទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្ដល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។ ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ ម្យ៉ាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នា! ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្ដេចរបស់អ្នករាល់គ្នាមិនខាន»។
១ សាំយូអែល 12:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកសាំយូអែលបានប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ខ្ញុំបានស្តាប់គ្រប់សេចក្ដីដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្តេចលើអ្នករាល់គ្នា។ ពីឥឡូវនេះទៅ ស្តេចនឹងដឹកនាំអ្នករាល់គ្នា ឯខ្ញុំចាស់ហើយ សក់ខ្ញុំក៏ស្កូវ ប៉ុន្តែ មានកូនរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែរ ខ្ញុំបាននាំមុខអ្នករាល់គ្នាតាំងតែពីក្មេងមករហូតដល់ថ្ងៃនេះ។ ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា និងនៅមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យនេះចុះ ថាតើខ្ញុំបានយកគោរបស់អ្នកណា? តើខ្ញុំបានយកលារបស់អ្នកណា? តើខ្ញុំបានបំភាន់អ្នកណា? តើខ្ញុំបានសង្កត់សង្កិនអ្នកណា? ឬតើខ្ញុំបានទទួលសំណូកពីដៃអ្នកណាដើម្បីបំបិទភ្នែកខ្ញុំ? សូមធ្វើបន្ទាល់ទាស់នឹងខ្ញុំចុះ ខ្ញុំនឹងសងគេវិញ»។ ពួកគេឆ្លើយថា៖ «លោកមិនដែលបំភាន់បំបាត់ ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ»។ រួចលោកមានប្រសាសន៍ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាជាបន្ទាល់ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វីនៅក្នុងដៃខ្ញុំសោះឡើយ» នោះគេទទួលថា៖ «ព្រះអង្គជាទីបន្ទាល់មែនហើយ»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ព្រះយេហូវ៉ាជាស្មរបន្ទាល់ដែលបានតែងតាំងលោកម៉ូសេ និងលោកអើរ៉ុន ហើយបាននាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ។ ដូច្នេះ ឥឡូវនេះ ចូរឈរស្ងៀម ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងអំពើសុចរិត ដែលព្រះអង្គបានធ្វើដល់អ្នករាល់គ្នា និងបុព្វបុរសអ្នករាល់គ្នា។ គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ និងបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ។ ប៉ុន្តែ គេបានភ្លេចព្រះយេហូវ៉ាជាព្រះនៃគេចោល ព្រះអង្គបានលក់គេទៅក្នុងកណ្ដាប់ដៃរបស់ស៊ីសេរ៉ា ជាមេទ័ពក្រុងហាសោរ ហើយទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា "យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ព្រះយេហូវ៉ាចោល បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមព្រះអង្គជួយឲ្យយើងខ្ញុំរួចពីកណ្ដាប់ដៃខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះអង្គវិញ" ព្រះយេហូវ៉ាបានចាត់យេរូ-បាល បេដាន យែបថា និងសាំយូអែលមករំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ។ តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា "ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ" តែគឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នា។ ដូច្នេះ ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើល៍ ព្រះយេហូវ៉ាបានតាំងស្តេចឲ្យសោយរាជ្យលើអ្នករាល់គ្នាហើយ។ ប្រសិនបើអ្នករាល់គ្នាកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គ ឥតទាស់ទទឹងនឹងបញ្ញត្តិណាមួយ ទាំងខ្លួនអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះយេហូវ៉ាទេ គឺទាស់ទទឹងនឹងបញ្ញត្តិរបស់ព្រះអង្គវិញ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងបានទាស់នឹងអ្នករាល់គ្នា ដូចជាបានទាស់នឹងបុព្វបុរសរបស់អ្នករាល់គ្នាដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ានឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ។ តើនេះមិនមែនជារដូវចម្រូតស្រូវភោជ្ជសាលីទេឬ? តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យព្រះអង្គបានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ»។ នោះសាំយូអែលក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះអង្គធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងធ្លាក់ចុះមកនៅថ្ងៃនោះ ដូច្នេះ ប្រជាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា និងសាំយូអែលជាខ្លាំង។ ប្រជាជនក៏សូមដល់សាំយូអែលថា៖ «សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ»។ លោកសាំយូអែលឆ្លើយថា៖ «កុំខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវគោរពបម្រើព្រះយេហូវ៉ាឲ្យអស់ពីចិត្ត។ កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់។ ដ្បិតព្រះយេហូវ៉ាមិនបោះបង់ចោលប្រជារាស្ត្រព្រះអង្គឡើយ ដោយព្រោះព្រះអង្គយល់ដល់ព្រះនាមព្រះអង្គដ៏ជាធំ ព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។ សូមអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គ ដោយស្មោះត្រង់អស់អំពីចិត្តប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំធេង ដែលព្រះអង្គបានប្រោសដល់អ្នករាល់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាចេះតែប្រព្រឹត្តអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចរបស់អ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះ ស្ដេចសូលសោយរាជ្យបានមួយឆ្នាំហើយ»។
១ សាំយូអែល 12:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើអ្នករាល់គ្នា។ អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។ ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។ ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។ លោកសាំយូអែលមានប្រសាសន៍ទៅពួកគេទៀតថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ធ្វើជាសាក្សី ហើយស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក ក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយ យើងមានព្រះអង្គជាសាក្សី!»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំឭកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។ ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។ ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។ ព្រះអម្ចាស់ក៏ចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងខ្ញុំ សាំយូអែល ឲ្យមក។ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្ដីសុខសាន្ត។ ពេលអ្នករាល់គ្នាឃើញព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារឲ្យខ្ញុំតែងតាំងស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់អ្នករាល់គ្នាទេ។ ដូច្នេះ នេះនែ៎ ស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្ដេចដែលអ្នករាល់គ្នាសុំ! ព្រះអម្ចាស់ប្រទានស្ដេចនោះមកអ្នករាល់គ្នាហើយ! ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ប្រសិនបើអ្នករាល់គ្នាគោរពបម្រើព្រះអង្គ ប្រសិនបើអ្នករាល់គ្នាស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នា និងស្ដេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខសប្បាយ។ ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងដាក់ទោសអ្នករាល់គ្នា ដូចព្រះអង្គបានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។ ឥឡូវនេះ ចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំ ដែលព្រះអម្ចាស់នឹងសម្តែងឲ្យអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។ ពេលនេះជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដោយសុំឲ្យមានស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។ លោកសាំយូអែលទូលអង្វរព្រះអម្ចាស់ ហើយនៅថ្ងៃដដែលនោះ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាចព្រះអម្ចាស់ និងលោកសាំយូអែលយ៉ាងខ្លាំង។ ប្រជាជនទាំងនោះជម្រាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក ក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្ដេច»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ កុំងាកចេញពីព្រះអង្គទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្ដល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។ ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ ម្យ៉ាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នា! ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្ដេចរបស់អ្នករាល់គ្នាមិនខាន»។
១ សាំយូអែល 12:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ សាំយូអែលប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា មើល ខ្ញុំបានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្តេចលើអ្នករាល់គ្នា ឥឡូវនេះ មើល ស្តេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ តែគេឆ្លើយឡើងថា លោកមិនដែលបំភាន់បំបាត់ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វី នៅក្នុងដៃខ្ញុំសោះឡើយ នោះគេទទួលថា ទ្រង់ជាទីបន្ទាល់មែនហើយ។ នោះសាំយូអែលថ្លែងប្រាប់ដល់ពួកជនថា គឺព្រះយេហូវ៉ាដែលបានតាំងម៉ូសេ នឹងអើរ៉ុនឡើង ព្រមទាំងនាំពួកឰយុកោអ្នករាល់គ្នាឡើងពីស្រុកអេស៊ីព្ទមក ដូច្នេះឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិត ដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនឹងពួកឰយុកោអ្នករាល់គ្នា គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកឰយុកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេនឹងអើរ៉ុន ឲ្យទៅនាំពួកឰយុកោ នៃអ្នករាល់គ្នាចេញ ពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ ប៉ុន្តែគេបានភ្លេចចោលព្រះយេហូវ៉ាជាព្រះនៃគេវិញ រួចទ្រង់បានលក់គេ ទៅក្នុងកណ្តាប់ដៃនៃស៊ីសេរ៉ា ជាមេទ័ព នៃក្រុងហាសោរ ហើយទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីន នឹងទៅក្នុងកណ្តាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល នឹងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល បេដាន យែបថា នឹងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួច ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ ប៉ុន្តែគឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នាវិញ ដូច្នេះ មើល ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើល ព្រះយេហូវ៉ាទ្រង់បានតាំងស្តេចឲ្យសោយរាជ្យលើអ្នករាល់គ្នាហើយ បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្ដីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា នឹងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ ប៉ុន្តែបើអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះយេហូវ៉ាទេ គឺទាស់ទទឹងនឹងសេចក្ដីបញ្ញត្តរបស់ទ្រង់វិញ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងបានទាស់នឹងអ្នករាល់គ្នា ដូចជាបានទាស់នឹងពួកឰយុកោនៃអ្នករាល់គ្នាដែរ ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ាទ្រង់នឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ នៅរដូវនេះ តើមិនមែនជាចំរូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ នឹងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ នោះសាំយូអែលក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ធ្វើឲ្យមានផ្គរលាន់នឹងទឹកភ្លៀងធ្លាក់ចុះមកនៅថ្ងៃនោះឯង ដូច្នេះ បណ្តាជនទាំងឡាយក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់សាំយូអែលជាខ្លាំង។ រួចបណ្តាជនក៏សូមដល់សាំយូអែលថា សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសំរាប់យើងខ្ញុំនេះ សាំយូអែលឆ្លើយថា កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែកុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្តចុះ កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់ មួយទៀត ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នា នោះឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ សូមឲ្យតែអ្នករាល់គ្នាបានកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ ដោយស្មោះត្រង់ ហើយអស់អំពីចិត្តផងប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំវិសេសទាំងម៉្លេះ ដែលទ្រង់បានប្រោសដល់អ្នករាល់គ្នាហើយ ប៉ុន្តែបើសិនណាជាអ្នករាល់គ្នាចេះតែប្រព្រឹត្តសេចក្ដីអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចនៃអ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះសូលសោយរាជ្យបាន១ឆ្នាំហើយ។