១ សាំយូអែល 1:4-11

១ សាំយូអែល 1:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ថ្ងៃ​ដែល​អែល‌កា‌ណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន គាត់​ក៏​ចែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា​មួយ​ចំណែក​ម្នាក់។ តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។ គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​មាន​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ហា‌ណា​យំ ហើយ​មិន​បរិ‌ភោគ​អ្វី​សោះ។ ពេល​នោះ អែល‌កា‌ណា​ជា​ប្តី​សួរ​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិ‌ភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?» ក្រោយ​ដែល​គេ​បាន​បរិ‌ភោគ និងផឹក​នៅ​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហា‌ណា​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ។ រី​ឯ​អេលី​ជា​សង្ឃ​កំពុង​អង្គុយ​នៅ​កន្លែង​របស់​លោក ជិត​សសរ​ទ្វារ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។ ខណៈ​នោះ នាង​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​យំ​ដោយ​មាន​សេចក្ដី​ជូរ‌ល្វីង។ រួច​នាង​បន់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​គ្រាន់​តែ​ក្រឡេក​ព្រះ‌នេត្រ​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​កូន​ប្រុស​មួយ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​ពេញ​មួយ​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ »។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ថ្វាយ​យញ្ញ‌បូជា លោក​អែល‌កាណា​មាន​ទម្លាប់​យក​សាច់​ទៅ​ឲ្យ​នាង​ពេនីណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។ ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។ នាង​ពេនីណា ជា​គូ‌វិវាទ តែងតែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។ នាង​ពេនីណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណា​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ នាង​ពេនីណា​តែងតែ​រុក‌គួន​នាង​ជានិច្ច ធ្វើ​ឲ្យ​នាង​ហាណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។ ពេល​នោះ លោក​អែលកា‌ណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។ ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ព្រះ‌វិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជា‌ចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។ នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។ នាង​ទូល‌អង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ដែល​អែល‌កាណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន នោះ​ក៏​ចែក​ចំណែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ នឹង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា តែ​បាន​ចែក​ដល់​ហាណា​១​ជា​២​វិញ ដ្បិត​គាត់​ស្រឡាញ់​ហាណា​ជាង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ផ្ទៃ​នាង គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្ដី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ នោះ​អែល‌កាណា​ជា​ប្ដី​សួរ​ថា ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ ហើយ​មិន​បរិភោគ​ដូច្នេះ ម្តេច​ក៏​នាង​កើត​ទុក្ខ តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី។ ដូច្នេះ ក្រោយ​ដែល​គេ​បាន​បរិភោគ​នៅ​ត្រង់​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហាណា​ក៏​ក្រោក​ឡើង រីឯ​អេលី​ដ៏​ជា​សង្ឃ លោក​កំពុង​នៅ​លើ​ទី​អង្គុយ​របស់​លោក ជិត​សសរ​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ខណនោះ នាង​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។

ចែក​រំលែក
អាន ១ សាំយូអែល 1