១ សាំយូអែល 1:13-17

១ សាំយូអែល 1:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហា‌ណា​អធិស្ឋាន​ស្ងាត់ៗ កម្រើក​តែ​បបូរ‌មាត់​តិចៗ ឥត​ឮ​សំឡេង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​នាង​ស្រវឹង ដូច្នេះ អេលី​និយាយ​ទៅ​នាង​ថា៖ «តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត? ចូរ​លះ​បង់​ស្រា​ចោល​ទៅ»។ តែ​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ។ សូម​កុំ​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ថា​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​និយាយ​យ៉ាង​យូរ​រហូត​ដល់​ឥឡូវ​នេះ មក​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ និង​ការ​រុក‌កួន​ហួស​ប្រមាណ»។ នោះ​លោកអេលី​ឆ្លើយ​ថា៖ «ដូច្នេះ សូម​អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ប្រោស​ឲ្យ​នាង​បាន​សម្រេច​ដូច​ដែល​បាន​សូម​ពី​ព្រះ‌អង្គ​ចុះ»។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កម្រើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។ លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។ នាង​ហាណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ព្រះ‌អម្ចាស់​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។ សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះអង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ហាណា នាង​នឹក​តែ​ក្នុង​ពោះ មាន​បបូរ‌មាត់​ផ្អូចៗ តែ​ឥត​ឮ​សំឡេង​នាង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​ជា​នាង​ស្រវឹង​ហើយ ទើប​សួរ​ថា តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត ចូរ​លះ​ចោល​ស្រា​ពី​ខ្លួន​នាង​ចេញ​ទៅ តែ​ហាណា​ឆ្លើយ​តប​ថា ទេ ព្រះ‌គុណ​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង​ទេ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ សូម​កុំ​រាប់​ខ្ញុំ​ជា​អ្នក​បំរើ​លោក ទុក​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​ចេញ​វាចា ដរាប​ដល់​ឥឡូវ​នេះ នោះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ នឹង​ការ​រុក‌កួន​ដ៏​ហួស​កំណោះ​ប៉ុណ្ណោះ​ទេ នោះ​អេលី​ឆ្លើយ​ថា ដូច្នេះសូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ

ចែក​រំលែក
អាន ១ សាំយូអែល 1