១ សាំយូអែល 1:12-18
១ សាំយូអែល 1:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈដែលនាងកំពុងអធិស្ឋានទៅព្រះយេហូវ៉ានៅឡើយ នោះអេលីក៏សង្កេតមើលមាត់នាង។ ហាណាអធិស្ឋានស្ងាត់ៗ កម្រើកតែបបូរមាត់តិចៗ ឥតឮសំឡេងឡើយ បានជាអេលីស្មានថានាងស្រវឹង ដូច្នេះ អេលីនិយាយទៅនាងថា៖ «តើនាងនៅតែស្រវឹងដល់កាលណាទៀត? ចូរលះបង់ស្រាចោលទៅ»។ តែហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំង ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ។ សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។ នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។ នាងនិយាយថា៖ «ដូច្នេះ សូមឲ្យខ្ញុំជាអ្នកបម្រើលោក បានប្រកបដោយគុណរបស់លោកម្ចាស់ផង» នោះនាងក៏ចេញទៅ បរិភោគអាហារឡើងវិញ ហើយលែងមានទឹកមុខព្រួយទៀត។
១ សាំយូអែល 1:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងហាណាអធិស្ឋានយ៉ាងយូរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។ នាងអធិស្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កម្រើកតិចៗ ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកអេលីនឹកស្មានថា នាងស្រវឹងស្រា។ លោកក៏ពោលទៅនាងថា៖ «តើនាងនៅស្រវឹងដល់អង្កាល់ទៀត ល្មមស្វាងហើយ!»។ នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។ សូមកុំចាត់ទុកនាងខ្ញុំថាជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។ លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមព្រះនៃជនជាតិអ៊ីស្រាអែលប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ នាងហាណាឆ្លើយថា៖ «សូមលោកម្ចាស់សម្តែងសេចក្ដីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។
១ សាំយូអែល 1:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ នឹងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ នោះអេលីឆ្លើយថា ដូច្នេះសូមអញ្ជើញទៅ ប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ រួចនាងសូមថា ដូច្នេះសូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។