១ សាំយូអែល 1:1-11
១ សាំយូអែល 1:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។ គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។ រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។ គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងមានកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅដំណាក់នៃព្រះយេហូវ៉ា ធ្វើឲ្យហាណាយំ ហើយមិនបរិភោគអ្វីសោះ។ ពេលនោះ អែលកាណាជាប្តីសួរថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុសដប់នាក់ទេឬ?» ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។ ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។ រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។
១ សាំយូអែល 1:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ាថែម-សូភីម ក្នុងតំបន់ភ្នំអេប្រាអ៊ីម គាត់ត្រូវជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ ហើយត្រូវជាចៅលួតរបស់លោកស៊ូភ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។ រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល*នៅស៊ីឡូ ព្រមទាំងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុស កូនស្រីទាំងអស់របស់នាង មួយចំណែកម្នាក់។ ប៉ុន្តែ ចំពោះនាងហាណាវិញ គាត់បានឲ្យមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីព្រះអម្ចាស់បានធ្វើឲ្យនាងទៅជាស្ត្រីអារក៏ដោយ។ នាងពេនីណា ជាគូវិវាទ តែងតែរុកគួនបញ្ឈឺចិត្តនាងហាណា ក្នុងគោលបំណងឲ្យនាងខឹងនឹងព្រះអម្ចាស់ ដែលបានធ្វើឲ្យនាងទៅជាស្ត្រីអារ។ នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ នាងពេនីណាតែងតែរុកគួននាងជានិច្ច ធ្វើឲ្យនាងហាណាយំ មិនព្រមបរិភោគអ្វីសោះ។ ពេលនោះ លោកអែលកាណាជាប្ដី សួរទៅនាងថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។ ក្រោយពេលគេបរិភោគ និងផឹករួចហើយ នាងហាណាក្រោកឡើង ចូលទៅព្រះវិហារ នៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យអេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃព្រះអម្ចាស់។ នាងតូចចិត្តជាខ្លាំង ហើយអធិស្ឋានទៅរកព្រះអម្ចាស់ ទាំងយំហូរទឹកភ្នែករហាម។ នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឲ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឲ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
១ សាំយូអែល 1:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម នោះមានមនុស្សម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំៗ ជាកូនអេលីហ៊ូវៗ ជាកូនថូហ៊ូវៗ ជាកូនស៊ូភ អ្នកនោះជាពួកអេប្រាតា គាត់មានប្រពន្ធ២ មួយឈ្មោះហាណា មួយទៀតឈ្មោះពេនីណា ឯពេនីណានាងមានកូន តែនាងហាណាគ្មានកូនទេ រាល់តែឆ្នាំគាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះមានហុបនី នឹងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ នឹងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា តែបានចែកដល់ហាណា១ជា២វិញ ដ្បិតគាត់ស្រឡាញ់ហាណាជាង តែព្រះយេហូវ៉ាទ្រង់បានបង្ខាំងផ្ទៃនាង គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្ដីកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅឯដំណាក់នៃព្រះយេហូវ៉ា បានជាហាណា នាងយំ ហើយមិនបរិភោគទេ នោះអែលកាណាជាប្ដីសួរថា ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី។ ដូច្នេះ ក្រោយដែលគេបានបរិភោគនៅត្រង់ស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង រីឯអេលីដ៏ជាសង្ឃ លោកកំពុងនៅលើទីអង្គុយរបស់លោក ជិតសសរទ្វារនៃព្រះវិហារព្រះយេហូវ៉ា ខណនោះ នាងមានសេចក្ដីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្តឺតអណ្តក រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។