១ ពេត្រុស 5:5-11
១ ពេត្រុស 5:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។ ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។ ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។ ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។ សូមព្រះអង្គបានប្រកបដោយព្រះចេស្តា អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
១ ពេត្រុស 5:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ» ។ ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។ ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងបងប្អូន។ ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។ បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ត* ព្រះអង្គនឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។ សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
១ ពេត្រុស 5:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។ ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច សូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ច ជារៀងរាបតទៅ អាម៉ែន។