១ ពេត្រុស 5:1-6
១ ពេត្រុស 5:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ក្នុងនាមជាចាស់ទុំ និងជាបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ហើយជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។ ពេលមេគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដដ៏រុងរឿង ដែលមិនចេះស្រពោន។ អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។ ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។
១ ពេត្រុស 5:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះព្រឹទ្ធាចារ្យ*ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ត* និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថា: សូមមើលថែរក្សាហ្វូងចៀមដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឲ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿង ដែលមិនចេះអាប់រស្មី។ រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ» ។ ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។
១ ពេត្រុស 5:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។ ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់