១ ពេត្រុស 4:1-11
១ ពេត្រុស 4:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាម នោះត្រូវឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូច្នោះដែរ ដ្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះបានឈប់ពីអំពើបាបហើយ ដើម្បីកុំឲ្យបង់ពេលដែលនៅសល់ ហើយរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀត គឺតាមព្រះហឫទ័យរបស់ព្រះវិញ។ ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។ ពួកគេងឿងឆ្ងល់ ដែលអ្នករាល់គ្នាមិនចូលរួមនៅក្នុងអំពើខូចអាក្រក់ដ៏ហូរហៀរជាមួយពួកគេ ហើយគេក៏ប្រមាថអ្នករាល់គ្នា។ ប៉ុន្តែ គេនឹងត្រូវឆ្លើយរៀបរាប់ចំពោះព្រះវិញ ដែលព្រះអង្គប្រុងប្រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់។ ហេតុនេះហើយបានជាដំណឹងល្អ បានផ្សាយដល់អស់អ្នកដែលស្លាប់ដែរ ដែលទោះជាបានជាប់ជំនុំជម្រះខាងសាច់ឈាម តាមបែបមនុស្សក៏ដោយ ក៏គេបានរស់ខាងវិញ្ញាណដូចព្រះវិញ។ ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។ លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដោយឥតត្អូញត្អែរឡើយ។ ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
១ ពេត្រុស 4:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ បើព្រះគ្រិស្តបានរងទុក្ខលំបាក កាលព្រះអង្គមានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្តគំនិតដូចព្រះអង្គដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាប*ទៀតហើយ ដើម្បីឲ្យបានរស់ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។ ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្តអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។ អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្តនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ ហេតុនេះ សូម្បីតែមនុស្សស្លាប់ក៏ព្រះអង្គបាននាំដំណឹងល្អទៅឲ្យគេឮដែរ។ ដូច្នេះ ទោះបីពួកគេត្រូវទទួលការវិនិច្ឆ័យទោសតាមរបៀបមនុស្សលោក ក្នុងពេលគេរស់នៅក្នុងលោកីយ៍នេះក៏ដោយ ក៏គេអាចមានជីវិតរស់ស្របតាមព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដែរ។ អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យអធិស្ឋាន*កើត។ ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលុប ។ ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។ បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
១ ពេត្រុស 4:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាម ជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ ដើម្បីកុំឲ្យបង់ពេលដែលសល់ នឹងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដ្បិតដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក នឹងការថ្វាយបង្គំរូបព្រះ ដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅ តាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរ ជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់នឹងមនុស្សស្លាប់ ហេតុនោះបានជា បានផ្សាយដំណឹងល្អទៅមនុស្ស ដែលស្លាប់ហើយដែរ ដើម្បីឲ្យគេត្រូវជាប់ជំនុំជំរះខាងឯសាច់ឈាម តាមបែបមនុស្ស តែឲ្យគេបានរស់ខាងឯវិញ្ញាណតាមព្រះវិញ។ រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្ដីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបំរើ នោះត្រូវបំរើដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។