១ ពេត្រុស 3:8-17

១ ពេត្រុស 3:8-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។ កុំ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌ពរ​ជា​មត៌ក។ ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​សង្វាត​នឹង​ប្រព្រឹត្ត​ការ​ល្អ តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ។ មិន​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ ក៏​កុំ​ច្រួល​ច្របល់​ឡើយ តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:8-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ត​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បងប្អូន​បង្កើត មាន​ចិត្ត​អាណិត​មេត្តា និង​សុភាព។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា។ «អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង់​បាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​ទប់​បបូរ​មាត់ កុំ​ឲ្យ​និយាយ​បោក​បញ្ឆោត។ អ្នក​នោះ​ត្រូវ​ចៀស‌វាង​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ និង​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត ដ្បិត​ព្រះ‌អម្ចាស់​ទត​មើល​មក​មនុស្ស​សុចរិត* ហើយ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​គេ ប៉ុន្តែ ព្រះអង្គ​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​អាក្រក់» ។ ប្រសិន​បើ​បងប្អូន​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បងប្អូន យ៉ាង​ណា‌មិញ បើ​បងប្អូន​រង‌ទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត* នោះ​បងប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់‌ប្រមល់​ដែរ តែ​ត្រូវ​ទុក​ឲ្យ​ព្រះ‌គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី ក្នុង​ចិត្ត​គំនិត​របស់​បងប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​នោះ​ជានិច្ច ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បងប្អូន ជា​អ្នក​ជឿ​ព្រះ‌គ្រិស្ត* ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។ សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:8-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត‌អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ទុក​ជា​មរដក ដ្បិត​«អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ពី​សេចក្ដី​អាក្រក់​ចេញ ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយ‌កល​ឡើយ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី‌ភាព ពី​ព្រោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ‌កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ‌ភក្ត្រ ព្រះ‌អម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។ បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ ចូរ​ឲ្យ​តាំង​ព្រះ‌គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត‌ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ ដ្បិត​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់

ចែក​រំលែក
អាន ១ ពេត្រុស 3