១ ពេត្រុស 3:17-22
១ ពេត្រុស 3:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់។ ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ ហើយខាងវិញ្ញាណនោះឯង ព្រះអង្គបានយាងទៅប្រកាសប្រាប់ពួកវិញ្ញាណដែលជាប់ឃុំ ជាពួកអ្នកដែលពីដើមមិនព្រមស្តាប់បង្គាប់ គឺពេលដែលព្រះបានរង់ចាំដោយព្រះហឫទ័យអត់ធ្មត់ នៅជំនាន់លោកណូអេ ក្នុងកាលលោកកំពុងសង់ទូកធំ ហើយនៅក្នុងទូកនោះ មានមនុស្សមួយចំនួនតូច គឺប្រាំបីនាក់ប៉ុណ្ណោះដែលបានរួចជីវិតដោយសារទឹក។ ទឹកនោះហើយជាគំរូពីពិធីជ្រមុជ ដែលសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសម្អាតក្អែលចេញពីរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះ ដោយមនសិការល្អ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។
១ ពេត្រុស 3:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូវរងទុក្ខដោយប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាងនេះ។ សូម្បីតែព្រះគ្រិស្ត*ក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិត*បានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ព្រះអង្គត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ នៅពេលនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខ័ន្ធ ដែលជាប់ឃុំឃាំង ជាវិញ្ញាណក្ខ័ន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។ នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ* គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវតា* ព្រមទាំងវត្ថុស័ក្តិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
១ ពេត្រុស 3:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់ ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ ហើយដោយនូវព្រះវិញ្ញាណនោះឯង ទ្រង់បានយាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំ ជាពួកអ្នកដែលពីដើមមិនព្រមជឿ គឺក្នុងខណដែលសេចក្ដីអត់ធ្មត់របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ កាលលោកកំពុងតែធ្វើទូកធំ ហើយនៅក្នុងទូកនោះមានមនុស្សតែបន្តិច គឺ៨នាក់ប៉ុណ្ណោះ ដែលបានរួចដោយសារទឹក ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្ដីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច នឹងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ។