១ ពេត្រុស 3:1-4
១ ពេត្រុស 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯប្រពន្ធក៏ដូច្នោះដែរ ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីបើមានអ្នកខ្លះមិនស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធអាចនឹងទាក់ទាញចិត្តប្តីរបស់ខ្លួន ដោយសារកិរិយាល្អ ក្រៅពីពាក្យសម្ដី នៅពេលគេឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តដោយគោរពកោតខ្លាច។ កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។
១ ពេត្រុស 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯបងប្អូនស្ត្រីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីឲ្យកិរិយាមារយាទរបស់បងប្អូនទាក់ទាញចិត្តស្វាមីខ្លះដែលមិនជឿព្រះបន្ទូល ឲ្យបានស្គាល់ព្រះអង្គ ដោយមិនបាច់បញ្ចេញពាក្យសម្ដីទេ គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ* និងចេះគោរពកោតខ្លាច។ កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្តរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលុបនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះវិញ គឺមានចិត្តស្លូតបូត ស្រគត់ស្រគំ។
១ ពេត្រុស 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្តាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អ ក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដី ដែលមានដំឡៃវិសេសនៅចំពោះព្រះ