១ ពេត្រុស 2:4-8
១ ពេត្រុស 2:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាចូលមករកព្រះអង្គ ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោល តែព្រះបានជ្រើសរើស ហើយរាប់ជាមានតម្លៃវិសេសវិញ អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ «មើល៍! យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មជ្រុងដែលបានជ្រើសរើស ហើយមានតម្លៃវិសេស អ្នកណាដែលជឿដល់ព្រះអង្គ នោះនឹងមិនត្រូវខ្មាសឡើយ» ។ ដូច្នេះ ដែលព្រះអង្គមានតម្លៃវិសេស នោះគឺសម្រាប់អ្នករាល់គ្នាដែលជឿ តែសម្រាប់ពួកអ្នកមិនជឿវិញ នោះ «ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។
១ ពេត្រុស 2:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងប្អូនចូលមកជិតព្រះគ្រិស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត* ដ្បិតក្នុងគម្ពីរមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ» ។ ថ្មនេះមានតម្លៃវិសេសសម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ» ។ អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល
១ ពេត្រុស 2:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» «ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង