១ ពេត្រុស 2:20-25
១ ពេត្រុស 2:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។ ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។ ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។ ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។
១ ពេត្រុស 2:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន។ ព្រះអង្គត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រិស្ត*ក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រិស្ត*បានផ្ទុកបាប*របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត*។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់ព្រះអង្គ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
១ ពេត្រុស 2:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។