១ ពេត្រុស 2:19-23
១ ពេត្រុស 2:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតបើអ្នករាល់គ្នាស៊ូទ្រាំរងទុក្ខលំបាក ហើយឈឺចាប់ដោយអំពើអយុត្តិធម៌ ព្រោះយល់ដល់ព្រះ នោះគួរសរសើរហើយ។ ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។ ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។ ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។
១ ពេត្រុស 2:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន។ ព្រះអង្គត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រិស្ត*ក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។
១ ពេត្រុស 2:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ