១ ពេត្រុស 2:13-17
១ ពេត្រុស 2:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេ ឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។ ត្រូវរស់នៅដូចជាមនុស្សមានសេរីភាព តែមិនត្រូវប្រើសេរីភាពរបស់អ្នករាល់គ្នា ដើម្បីបិទបាំងអំពើអាក្រក់ឡើយ ត្រូវរស់នៅដូចជាអ្នកបម្រើរបស់ព្រះវិញ។ ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។
១ ពេត្រុស 2:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមគោរពចុះចូលអំណាចនានានៅលើផែនដីនេះ ដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ ឲ្យសមនឹងឋានៈជាមនុស្សមានសេរីភាព ក៏ប៉ុន្តែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមនឹងឋានៈបងប្អូន ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និងគោរពព្រះរាជាផង។
១ ពេត្រុស 2:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។