១ ពេត្រុស 2:11-17

១ ពេត្រុស 2:11-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។ ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។ ចូរ​ចុះ​ចូល​គ្រប់​ទាំង​ច្បាប់​របស់​មនុស្ស ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ទោះបើ​ត្រូវចុះ​ចំពោះ​ស្តេច ក្នុង​ឋានៈ​ជា​អ្នក​ធំ​ជាង​គេ ឬចំ​ពោះលោក​ទេសា‌ភិបាល ក្នុង​នាម​ជា​អ្នក​ដែល​ស្តេច​បាន​ចាត់​ឲ្យ​ទៅធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹម​ត្រូវ។ ដ្បិត​ការ​ដែល​អ្នក​រាល់​គ្នា​បំបាត់​ពាក្យ​សម្ដី​ចម្កួត​របស់​មនុស្ស​ខ្លៅ​ល្ងង់ ដោយ​សារ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ត្រូវ​រស់​នៅ​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​ត្រូវ​ប្រើ​សេរី‌ភាព​របស់​អ្នក​រាល់​គ្នា ដើម្បី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ ត្រូវ​រស់​នៅ​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ​វិញ។ ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:11-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។ ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បងប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បងប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​យាង​មក គេ​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ សូម​គោរព​ចុះ​ចូល​អំណាច​នានា​នៅ​លើ​ផែនដី​នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះ‌រាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះ‌រាជា ដែល​ទ្រង់​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។ ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បងប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បងប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។ ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បងប្អូន​រួម​ជំនឿ ចូរ​គោរព​កោតខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

ចែក​រំលែក
អាន ១ ពេត្រុស 2

១ ពេត្រុស 2:11-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក ដែល​គ្រាន់​តែ​សំណាក់​នៅ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ត‌យុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ។ ចូរ​ឲ្យ​ចុះ​ចូល នឹង​គ្រប់​ទាំង​ច្បាប់ នៃ​មនុស្ស​លោក ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ទោះ​បើ​នឹង​ស្តេច ទុក​ជា​ធំ​បណ្តាច់ ឬ​នឹង​ចៅហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់‌ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​ល្អ​វិញ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​បំបាត់​ពាក្យ​សំដី​ចំកួត​របស់​មនុស្ស​ខ្លៅ​ល្ងង់​ចេញ ដោយ‌សារ​កិរិយា​ល្អ គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ ដើម្បី​នឹង​បំបិត‌បំបាំង​សេចក្ដី​អាក្រក់​ឡើយ ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ស្តេច​ផង។

ចែក​រំលែក
អាន ១ ពេត្រុស 2