១ ពេត្រុស 2:1-5
១ ពេត្រុស 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។ ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ ប្រសិនបើអ្នករាល់គ្នាពិតជាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ។ ចូរអ្នករាល់គ្នាចូលមករកព្រះអង្គ ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោល តែព្រះបានជ្រើសរើស ហើយរាប់ជាមានតម្លៃវិសេសវិញ អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
១ ពេត្រុស 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបងប្អូនបានចម្រើនឡើងតាមរយៈព្រះបន្ទូលនេះ និងទទួលការសង្គ្រោះ បើបងប្អូនពិតជា បានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ! សូមបងប្អូនចូលមកជិតព្រះគ្រិស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត*
១ ពេត្រុស 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្ដីគំរក់ នឹងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ