១ ពេត្រុស 2:1-25
១ ពេត្រុស 2:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។ ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ ប្រសិនបើអ្នករាល់គ្នាពិតជាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ។ ចូរអ្នករាល់គ្នាចូលមករកព្រះអង្គ ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោល តែព្រះបានជ្រើសរើស ហើយរាប់ជាមានតម្លៃវិសេសវិញ អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ «មើល៍! យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មជ្រុងដែលបានជ្រើសរើស ហើយមានតម្លៃវិសេស អ្នកណាដែលជឿដល់ព្រះអង្គ នោះនឹងមិនត្រូវខ្មាសឡើយ» ។ ដូច្នេះ ដែលព្រះអង្គមានតម្លៃវិសេស នោះគឺសម្រាប់អ្នករាល់គ្នាដែលជឿ តែសម្រាប់ពួកអ្នកមិនជឿវិញ នោះ «ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។ ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។ ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។ ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។ ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេ ឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។ ត្រូវរស់នៅដូចជាមនុស្សមានសេរីភាព តែមិនត្រូវប្រើសេរីភាពរបស់អ្នករាល់គ្នា ដើម្បីបិទបាំងអំពើអាក្រក់ឡើយ ត្រូវរស់នៅដូចជាអ្នកបម្រើរបស់ព្រះវិញ។ ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។ ពួកអ្នកបម្រើអើយ ចូរចុះចូលនឹងចៅហ្វាយរបស់ខ្លួន ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនតែចៅហ្វាយណាដែលល្អ ហើយស្លូតបូតប៉ុណ្ណោះទេ គឺដល់ចៅហ្វាយដែលកាចផងដែរ។ ដ្បិតបើអ្នករាល់គ្នាស៊ូទ្រាំរងទុក្ខលំបាក ហើយឈឺចាប់ដោយអំពើអយុត្តិធម៌ ព្រោះយល់ដល់ព្រះ នោះគួរសរសើរហើយ។ ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។ ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។ ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។ ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។
១ ពេត្រុស 2:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបងប្អូនបានចម្រើនឡើងតាមរយៈព្រះបន្ទូលនេះ និងទទួលការសង្គ្រោះ បើបងប្អូនពិតជា បានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ! សូមបងប្អូនចូលមកជិតព្រះគ្រិស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត* ដ្បិតក្នុងគម្ពីរមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ» ។ ថ្មនេះមានតម្លៃវិសេសសម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ» ។ អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល រីឯបងប្អូនវិញ បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ ពីដើម បងប្អូន មិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើម បងប្អូន ពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ ។ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្នក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ ត្រូវកាន់កិរិយាមារយាទឲ្យថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។ សូមគោរពចុះចូលអំណាចនានានៅលើផែនដីនេះ ដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ ឲ្យសមនឹងឋានៈជាមនុស្សមានសេរីភាព ក៏ប៉ុន្តែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមនឹងឋានៈបងប្អូន ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និងគោរពព្រះរាជាផង។ បងប្អូនដែលជាអ្នកបម្រើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្តសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។ បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន។ ព្រះអង្គត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រិស្ត*ក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រិស្ត*បានផ្ទុកបាប*របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត*។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់ព្រះអង្គ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
១ ពេត្រុស 2:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្ដីគំរក់ នឹងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» «ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។ ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។ ឱពួកអ្នកបំរើអើយ ចូរចុះចូលចំពោះចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ទោះទាំងចៅហ្វាយដែលកាចក៏ដែរ ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។