១ ពេត្រុស 1:6-12
១ ពេត្រុស 1:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។ ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដ្បិតអ្នករាល់គ្នាកំពុងទទួលផលពីជំនឿរបស់អ្នករាល់គ្នា គឺការសង្គ្រោះដល់ព្រលឹង។ ពួកហោរាដែលបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា បានស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន ហើយខំរកឲ្យដឹងពីការសង្គ្រោះនេះ ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។ ព្រះបានសម្តែងឲ្យគេដឹងថា ការទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់អ្នករាល់គ្នា ជាអ្វីដែលឥឡូវនេះ អស់អ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលការទាំងនោះដែរ។
១ ពេត្រុស 1:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្តសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។ ព្យាការី*ដែលថ្លែងព្រះបន្ទូល*អំពីព្រះគុណ ដែលបម្រុងសម្រាប់បងប្អូន បាននាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។ ព្រះវិញ្ញាណរបស់ព្រះគ្រិស្តដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ត និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។ ព្រះជាម្ចាស់បានសម្តែងឲ្យព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែងមិនមែនសម្រាប់ពួកលោកទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នកផ្សព្វផ្សាយដំណឹងល្អ*បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវតា*ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។
១ ពេត្រុស 1:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្ដីសង្គ្រោះនោះ ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។