១ ពេត្រុស 1:17-21
១ ពេត្រុស 1:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាអំពាវនាវរកព្រះ ទុកដូចជាព្រះវរបិតាដែលជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវរស់នៅដោយកោតខ្លាច ក្នុងកាលដែលស្នាក់នៅក្នុងជីវិតនេះចុះ។ អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះបានតម្រូវព្រះអង្គទុកតាំងពីមុនកំណើតពិភពលោកមក តែបានលេចមកនៅគ្រាចុងក្រោយនេះ ដោយព្រោះអ្នករាល់គ្នា។ តាមរយៈព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះ ដែលប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យទ្រង់មានសិរីល្អ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសង្ឃឹមលើព្រះ។
១ ពេត្រុស 1:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ត* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ត មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ តាមរយៈព្រះគ្រិស្ត បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។
១ ពេត្រុស 1:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម ដែលបានស្គាល់តាំងពីមុនកំណើតលោកីយមក តែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលដោយសារទ្រង់ នោះអ្នករាល់គ្នាក៏ជឿដល់ព្រះ ដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យមានសិរីល្អ ដើម្បីឲ្យសេចក្ដីជំនឿ ហើយនឹងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះ។