១ ពេត្រុស 1:13-25
១ ពេត្រុស 1:13-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។ ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវត្រាប់តាមសេចក្តីប៉ងប្រាថ្នា ដែលពីដើមអ្នករាល់គ្នានៅល្ងង់នោះឡើយ ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។ ប្រសិនបើអ្នករាល់គ្នាអំពាវនាវរកព្រះ ទុកដូចជាព្រះវរបិតាដែលជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវរស់នៅដោយកោតខ្លាច ក្នុងកាលដែលស្នាក់នៅក្នុងជីវិតនេះចុះ។ អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះបានតម្រូវព្រះអង្គទុកតាំងពីមុនកំណើតពិភពលោកមក តែបានលេចមកនៅគ្រាចុងក្រោយនេះ ដោយព្រោះអ្នករាល់គ្នា។ តាមរយៈព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះ ដែលប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យទ្រង់មានសិរីល្អ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសង្ឃឹមលើព្រះ។ ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។ ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ។ ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ តែព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ចវិញ ព្រះបន្ទូលនោះគឺជាដំណឹងល្អដែលបានប្រកាសប្រាប់អ្នករាល់គ្នា។
១ ពេត្រុស 1:13-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រិស្ត*នឹងសម្តែងព្រះអង្គឲ្យមនុស្សលោកឃើញ។ ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ*ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ» ។ មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ត* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ត មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ តាមរយៈព្រះគ្រិស្ត បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។ បងប្អូនបានជម្រះព្រលឹងឲ្យបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តទៅ។ ព្រះជាម្ចាស់បានប្រោសបងប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កាស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច ។ ព្រះបន្ទូលនេះគឺជាដំណឹងល្អ* ដែលគេបាននាំយកមកជូនបងប្អូន។
១ ពេត្រុស 1:13-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង ឲ្យដូចជាពួកកូនដែលស្តាប់បង្គាប់ ឥតបណ្តោយតាមសេចក្ដីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ ដ្បិតមានសេចក្ដីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម ដែលបានស្គាល់តាំងពីមុនកំណើតលោកីយមក តែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលដោយសារទ្រង់ នោះអ្នករាល់គ្នាក៏ជឿដល់ព្រះ ដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យមានសិរីល្អ ដើម្បីឲ្យសេចក្ដីជំនឿ ហើយនឹងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះ។ អ្នករាល់គ្នាបានជំរះសំអាតចិត្ត ដោយស្តាប់តាមសេចក្ដីពិត សំរាប់ឲ្យបានសេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់ ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ តែឯព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ គឺជាព្រះបន្ទូលនេះ ដែលបានផ្សាយមកអ្នករាល់គ្នាហើយ។