១ ពេត្រុស 1:13-19
១ ពេត្រុស 1:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។ ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវត្រាប់តាមសេចក្តីប៉ងប្រាថ្នា ដែលពីដើមអ្នករាល់គ្នានៅល្ងង់នោះឡើយ ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។ ប្រសិនបើអ្នករាល់គ្នាអំពាវនាវរកព្រះ ទុកដូចជាព្រះវរបិតាដែលជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវរស់នៅដោយកោតខ្លាច ក្នុងកាលដែលស្នាក់នៅក្នុងជីវិតនេះចុះ។ អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។
១ ពេត្រុស 1:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រិស្ត*នឹងសម្តែងព្រះអង្គឲ្យមនុស្សលោកឃើញ។ ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ*ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ» ។ មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ត* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
១ ពេត្រុស 1:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង ឲ្យដូចជាពួកកូនដែលស្តាប់បង្គាប់ ឥតបណ្តោយតាមសេចក្ដីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ ដ្បិតមានសេចក្ដីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម