១ ពេត្រុស 1:1-25

១ ពេត្រុស 1:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេត្រុស ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​បង‌ប្អូន ដែល​បែក​ខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​ស្រុក​ប៉ុន‌តុស ស្រុក​កា‌ឡា‌ទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា ជា​អ្នក​ដែល​ព្រះ ជា​ព្រះ‌វរបិតា​បាន​ជ្រើស​រើស និង​បាន​បម្រុង​ទុក ហើយ​ព្រះ‌វិញ្ញាណ​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់​ព្រះ‌យេស៊ូវ​គ្រីស្ទ ព្រម​ទាំង​បាន​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ប្រោះ​លើ​ខ្លួន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។ សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។ អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ដោយ​សារ​សេចក្តី​នេះ អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​ខ្លាំង ទោះ​បើ​សព្វ​ថៃ្ង​នេះ​ត្រូវ​រង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​យូរ​បន្តិច​ក៏​ដោយ ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។ ទោះ​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អង្គ ហើយ​សូម្បី​តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ព្រះ‌អង្គ ក៏​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌អង្គ ហើយ​ត្រេក​អរ​ដោយ​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ទទួល​ផល​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ការ​សង្គ្រោះ​ដល់​ព្រលឹង។ ពួក​ហោរា​ដែល​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា បាន​ស្រាវ​ជ្រាវ​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​ការ​សង្គ្រោះ​នេះ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពី​អ្នក​ណា ឬ​ពេល​វេលា​ណា ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​គេ ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក និង​ពី​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ។ ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។ ដូច្នេះ ចូរ​ប្រុង​ប្រៀប​គំនិត​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​សកម្ម‌ភាព​ឡើង ទាំង​ដឹង​ខ្លួន ហើយ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះ‌គុណ ដែល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​នឹង​ផ្តល់​មក​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​លេច​មក។ ចូរ​ធ្វើ​ដូច​ជា​កូន​ដែល​ស្តាប់​បង្គាប់ គឺ​មិន​ត្រូវ​ត្រាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា ដែល​ពី​ដើម​អ្នក​រាល់​គ្នា​នៅ​ល្ងង់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ដូច​ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​បរិសុទ្ធ​យ៉ាង​ណា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អំពាវ​នាវ​រក​ព្រះ ទុក​ដូច​ជា​ព្រះ‌វរបិតា​ដែល​ជំនុំ​ជម្រះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​រស់​នៅ​ដោយ​កោត​ខ្លាច ក្នុង​កាល​ដែល​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ។ អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា ព្រះ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​ជា​ដំណែល​ពី​ដូន​តា​របស់​អ្នក​រាល់​គ្នា មិន​មែន​ដោយ​របស់​ពុក​រលួយ ដូច​ជា​ប្រាក់ ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។ ព្រះ​បាន​តម្រូវ​ព្រះ‌អង្គ​ទុក​តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក តែ​បាន​លេច​មក​នៅ​គ្រា​ចុង​ក្រោយ​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា។ តាម​រយៈ​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​ទ្រង់​មាន​សិរីល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ។ ដោយ​អ្នក​រាល់​គ្នា​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​ស្តាប់​តាម​សេចក្តី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ជា​បង‌ប្អូន នោះ​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។ ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ។ ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌និច្ច​វិញ ព្រះ‌បន្ទូល​នោះ​គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ពេត្រុស ជា​សាវ័ក*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត សូម​ជម្រាប​មក​បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ហើយ​ដែល​បែក‌ខ្ញែក​គ្នា​ទៅ​រស់​ជា​អាណិក‌ជន នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា។ ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា បាន​ជ្រើស​រើស​បងប្អូន តាម​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ* ដើម្បី​ឲ្យ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ឲ្យ​ព្រះអង្គ​ប្រោះ​ព្រះ‌លោហិត​របស់​ព្រះអង្គ​លើ​បងប្អូន។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។ សូម​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រិស្ត*​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប​របស់​ព្រះអង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​យើង​នឹង​ទទួល​មត៌កដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បងប្អូន​នៅ​ស្ថាន​បរម‌សុខ* ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ថែ‌រក្សា​បងប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះអង្គ​នឹង​សម្តែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​បងប្អូន​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បងប្អូន​ព្រួយ​ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។ ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់‌ដំ​ជំនឿ​របស់​បងប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សម្រាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​សម្តែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បងប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុងរឿង និង​កិត្តិយស​ជា​មិន​ខាន។ បងប្អូន​មិន​ដែល​បាន​ឃើញ​ព្រះអង្គ​ទេ តែ​បងប្អូន​ស្រឡាញ់​ព្រះអង្គ ទោះ​បី​បងប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះអង្គ​ក្ដី ក៏​បងប្អូន​ជឿ​លើ​ព្រះអង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន ព្រោះ​បងប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សម្រាប់​ព្រលឹង​ខ្លួន ដែល​ជា​ទី‌ដៅ​នៃ​ជំនឿ​របស់​បងប្អូន។ ព្យាការី*​ដែល​ថ្លែង​ព្រះ‌បន្ទូល*​អំពី​ព្រះ‌គុណ ដែល​បម្រុង​សម្រាប់​បងប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត និង​អំពី​សិរី‌រុងរឿង​ដែល​ព្រះអង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។ ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បងប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។ ហេតុ​នេះ សូម​បងប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បងប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត*​នឹង​សម្តែង​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។ ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បងប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះអង្គ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បងប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បងប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ» ។ មួយ​វិញ​ទៀត ប្រសិន​បើ​បងប្អូន​អង្វរ​រក​ព្រះ‌ជា‌ម្ចាស់​ក្នុង​ឋានៈ​ព្រះអង្គ​ជា​ព្រះ‌បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោតខ្លាច​ព្រះអង្គ ក្នុង​ពេល​ដែល​បងប្អូន​ស្នាក់​នៅ​លើ​ផែនដី​នេះ ដ្បិត​ព្រះអង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជា‌ម្ចាស់​បាន​លោះ​បងប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បងប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រិស្ត* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។ ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រិស្ត មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បងប្អូន។ តាម​រយៈ​ព្រះ‌គ្រិស្ត បងប្អូន​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុងរឿង​មក​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់។ បងប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បងប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បងប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ទៅ។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បងប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុងរឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា​ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ។ ព្រះ‌បន្ទូល​នេះ​គឺ​ជា​ដំណឹង‌ល្អ* ដែល​គេ​បាន​នាំ​យក​មក​ជូន​បងប្អូន។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ពេត្រុស ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ខ្ចាត់​ខ្ចាយ ដែល​សំណាក់​នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី នឹង​ស្រុក​ប៊ីធូនា ជា​ពួក​អ្នក​រើស​តាំង តាម​បព្វ‌ញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់ ព្រម​ទាំង​បាន​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ប្រោះ​លើ​ខ្លួន សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត កាន់​តែ​ច្រើន​ឡើង។ សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង‌តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍‌ឈ្មោះ នឹង​សិរី‌ល្អ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។ ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ» ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះវរ‌បិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោត‌ខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​ដោយ‌សារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរី‌ល្អ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ ហើយ​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្ដី​ពិត សំរាប់​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក‌រលួយ​វិញ គឺ​ជា​ព្រះ‌បន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់‌លាប់ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង‌តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ តែ​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ គឺ​ជា​ព្រះ‌បន្ទូល​នេះ ដែល​បាន​ផ្សាយ​មក​អ្នក​រាល់​គ្នា​ហើយ។

ចែក​រំលែក
អាន ១ ពេត្រុស 1