១ ពង្សាវតារក្សត្រ 9:1-28

១ ពង្សាវតារក្សត្រ 9:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ ព្រះ‌យេហូវ៉ា​បាន​លេច​មក ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ​នៅ​ត្រង់​គីបៀន​ដែរ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឮ​សេចក្ដី​ដែល​អ្នក​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​យើង​នោះ យើង​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​អ្នក​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សម្រាប់​នឹង​តាំង​ឈ្មោះ​យើង នៅ​អស់​កល្ប​ជា‌និច្ច ភ្នែក និង​ចិត្ត​យើង​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ។ រីឯ​អ្នក​វិញ ប្រសិន‌បើ​អ្នក​ដើរ​នៅ​ចំពោះ​យើង ដូច​ជា​ដាវីឌ បិតា​របស់​អ្នក ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​អ្នក ព្រម​ទាំង​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង​ទាំង​ប៉ុន្មាន នោះ​យើង​នឹង​តាំង​រាជ្យ​របស់​អ្នក​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​របស់​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។ តែ​បើ​កាល​ណា​អ្នក​បែរ​ចេញ​លែង​ប្រព្រឹត្ត​តាម​យើង ទោះ​ទាំង​អ្នក ឬ​កូន​ចៅ​របស់​អ្នក ហើយ​មិន​កាន់​តាមបទ​បញ្ជា និង​ក្រឹត្យ​របស់​យើង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​ទេ គឺ​ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ​ដទៃ នោះ​យើង​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ​ដែល​យើង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​របស់​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​មុខ​យើង​ចេញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជាទី​ប្រៀប​ផ្ទឹ​ម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់។ ព្រះ‌ដំណាក់​នេះ​នឹង​ក្លាយ​ទៅ​ជាគំនរ​បែក​បាក់ អស់​អ្នក​ណា​ដែល​ដើរ​កាត់​តាម​នោះ នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ហួស​ចិត្ត ដោយ​ពាក្យ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ?" នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា "គឺ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ព្រះ‌អង្គ​បាន​នាំ​បុព្វ‌បុរស​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ"»។ លុះ​ផុត​ម្ភៃ​ឆ្នាំ​ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​ពីរ​រួច​ជា​ស្រេច​ហើយ ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ផ្គត់‌ផ្គង់​ឈើ​តា‌ត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះបាទ​សាឡូម៉ូន តាម​ដែល​ទ្រង់​ត្រូវ​ការ។ ព្រះបាទ​សាឡូម៉ូន​ក៏​ប្រទាន​ទី​ក្រុង​ម្ភៃ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម។ ប៉ុន្តែ ពេល​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​នោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ។ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ប្អូន​អើយ តើ​ទី​ក្រុង​ប្រភេទ​ណា​ដែល​ឲ្យ​មក​ខ្ញុំ​នេះ?» រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ស្ដេច​ហ៊ីរ៉ាម​បាន​ផ្ញើ​មាស​មួយ​រយ​ម្ភៃ​ហាប​មក​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន។ មូល​ហេតុ​ដែល​ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​កំណែន គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ ក្រុង​កេស៊ើរ (ដ្បិត​មុន​ដែល​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ទាំង​ដុត ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើងវិញ) និង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម ព្រម​ទាំង​ក្រុង​ប្អាឡាត ក្រុង​ថាត់ម៉ោរដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ និង​អស់​ទាំង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​របស់​ព្រះបាទ​សាឡូម៉ូន និង​ទី​ក្រុង​សម្រាប់​ទុក​រទេះ​ចម្បាំង ហើយ​សម្រាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន និង​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។ ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​អ្នក​បម្រើ​ទេ គឺ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ។ ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​ប្រាំរយ​ហាសិប​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។ ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។ បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​លើ​អាស‌នា​ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វគ្រប់។ ព្រះបាទ​សាឡូម៉ូន​ធ្វើ​នាវាជា​ច្រើន​នៅ​ត្រង់​អេស៊ាន-គេប៊ើរ នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដុម ឯ​ហ៊ីរ៉ាម​បាន​ចាត់​ពួក​អ្នក​បម្រើ​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា‌មួយ​ពួក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន គេ​ទៅ​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​បួន​រយ​ម្ភៃ​ហាប នាំ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។

១ ពង្សាវតារក្សត្រ 9:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ ព្រះ‌អម្ចាស់​យាង​មក​ជួប​ព្រះ‌បាទ​សាឡូម៉ូន​ជា​លើក​ទី​ពីរ ដូច​ព្រះអង្គ​បាន​យាង​មក​ជួប​ស្ដេច នៅ​គីបៀន​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ព្រះ‌ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជានិច្ច។ រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ដូច​ដាវីឌ ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។ ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។ គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ដូនតា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា”»។ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​សំណង់​ពីរ គឺ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។ ពេល​នោះ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ផ្ដល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន តាម​តែ​ទ្រង់​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ព្រះ‌បាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលី‌ឡេ ថ្វាយ​ព្រះ‌បាទ​ហ៊ីរ៉ាម​វិញ​ដែរ។ ព្រះ‌បាទ​ហ៊ីរ៉ាម​យាង​ចេញ​ពី​ទីក្រុង​ទីរ៉ុស​ទៅ​ពិនិត្យ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ទេ។ ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ប្រទាន​ក្រុង​បែប​នេះ​ឲ្យ​ទូលបង្គំ!»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ប្រជា‌ជន ដើម្បី​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង ព្រលាន​មីឡូ កំពែង​ក្រុង​យេរូ‌សាឡឹម ក្រុង​ហា‌សោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ។ ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទីក្រុង ព្រម​ទាំង​សម្លាប់​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្ដេច​ប្រទាន​ក្រុង​នេះ​ឲ្យ​រាជ‌បុត្រី ដែល​ត្រូវ​ជា​មហេសី​របស់​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ក្រុង​កេស៊ើរ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោម ក្រុង​បាឡាត ក្រុង​ថាត់‌ម៉ោរ ដែល​នៅ​តំបន់​វាល​រហោ‌ស្ថាន​ក្នុង​ស្រុក​នោះ។ ស្ដេច​ក៏​សង់​ក្រុង​ទាំង​ប៉ុន្មាន​ទុក​ធ្វើ​ជា​ឃ្លាំង សម្រាប់​ដាក់​រទេះ​ចម្បាំង និង​សម្រាប់​ពល‌សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្ដេច។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរេ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។ កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ*​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។ រីឯ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​មន្រ្តី​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចម្បាំង និង​ជា​មេ​កង‌ពល​សេះ។ អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​ចំនួន​ប្រាំ​រយ​ហា‌សិប​នាក់ ពួក​គេ​ត្រួត‌ត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការ‌ងារ​ទាំង​នោះ។ បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន​ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ថ្វាយ។ នៅ​គ្រា​នោះ ស្ដេច​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។ បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព*​នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទីសក្ការៈ​ដែរ។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ាន-‌គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​កក់​ក្នុង​ស្រុក​អេដុម។ ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ពល​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់‌បួន​តោន​ពី​ស្រុក​នោះ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

១ ពង្សាវតារក្សត្រ 9:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​ក្រោយ ដែល​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ នោះ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ទ្រង់​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ​នៅ​ត្រង់​គីបៀន​ដែរ ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា អញ​បាន​ឮ​សេចក្ដី ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សំរាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់‌កល្ប​ជានិច្ច ហើយ​ភ្នែក នឹង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ ឯ​ឯង បើ‌សិន​ជា​ឯង​នឹង​ដើរ​នៅ​ចំពោះ​អញ ដូច​ជា​ដាវីឌ​ជា​ឪពុក​ឯង ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ព្រម​ទាំង​កាន់​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​តាំង​រាជ្យ​ឯង​លើ​សាសន៍​អ៊ីស្រាអែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល​ឡើយ តែ​បើ​កាល​ណា​ឯង​បែរ​ចេញ​លែង​ប្រព្រឹត្ត​តាម​អញ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ផង ហើយ​មិន​កាន់​តាម​បញ្ញត្ត នឹង​ក្រិត្យ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​ទេ គឺ​នឹង​ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ នោះ​អញ​នឹង​កាត់​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សំរាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​មុខ​អញ​ចេញ​វិញ ដូច្នេះ សាសន៍​អ៊ីស្រាអែល​នឹង​ត្រឡប់​ជា​សេចក្ដី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ដំនៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់ ឯ​ព្រះ‌វិហារ​នេះ ទោះ​បើ​ខ្ពស់​ដល់​ម៉្លេះ គង់​តែ​អស់​អ្នក​ណា​ដែល​ដើរ​ទៅ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ ដល់​ស្រុកនឹង​វិហារ​នេះ នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​ពួក​ឰយុកោ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ។ លុះ​ផុត​២០​ឆ្នាំ​ដែល​សាឡូម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​ទាំង​២​រួច​ជា​ស្រេច​ហើយ (រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ផ្គត់‌ផ្គង់​ឈើ​តាត្រៅ នឹង​ឈើ​កកោះ ហើយ​មាស ថ្វាយ​សាឡូម៉ូន តាម​ព្រះ‌ហឫទ័យ​ទ្រង់​គ្រប់​ជំពូក) នោះ​ស្តេច​ទ្រង់​ក៏​ប្រទាន​ទី​ក្រុង​២០ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម រួច​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​សាឡូម៉ូន​បាន​ប្រទាន​នោះ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ ក៏​មាន​បន្ទូល​ថា ប្អូន​អើយ តើ​ទី​ក្រុង​យ៉ាង​ណា​ដែល​បាន​ឲ្យ​មក​ខ្ញុំ​នេះ រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក ថ្វាយ​ដល់​សាឡូម៉ូន។ ឯ​ហេតុ​ដែល​ស្តេច​សាឡូម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ នឹង​ក្រុង​កេស៊ើរ ដ្បិត​ពី​មុន ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ព្រម​ទាំង​ដុត​នឹង​ភ្លើង ហើយ​សំឡាប់​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​នោះ​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ ដូច្នេះ សាឡូម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើង នឹង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម ព្រម​ទាំង​ក្រុង​ប្អាឡាត ហើយ​ក្រុង​ថាត់ម៉ោរ ដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ នឹង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​របស់​សាឡូម៉ូន នឹង​ទី​ក្រុង​សំរាប់​ទុក​រទេះ​ចំបាំង ហើយ​សំរាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់​ដែល​សាឡូម៉ូន​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ នោះ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បំរើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចំបាំង នឹង​ពួក​ទ័ព​សេះ​ទ្រង់​វិញ ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​សាឡូម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​៥៥០​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។ ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។ មាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​សាឡូម៉ូន​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​លើ​អាសនា ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ផង គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច។ ស្តេច​សាឡូម៉ូន​ក៏​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដំម ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បំរើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​មាន​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បំរើ​របស់​សាឡូម៉ូន គេ​ក៏​ទៅដល់​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូម៉ូន។