១ ពង្សាវតារក្សត្រ 8:29-30
១ ពង្សាវតារក្សត្រ 8:29-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះនាមរបស់ព្រះអង្គនឹងនៅទីនេះ ដើម្បីស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គនឹងទូលតម្រង់មកទីនេះ។ ហើយកាលណាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលណាព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
១ ពង្សាវតារក្សត្រ 8:29-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមទតមើលមកព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះជាកន្លែងសម្រាប់នាមយើង”។ ពេលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាននៅទីនេះ សូមទ្រង់ព្រះសណ្ដាប់ផង។ កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
១ ពង្សាវតារក្សត្រ 8:29-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រយោជន៍ឲ្យព្រះនេត្រទ្រង់ បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែង ដែលទ្រង់បានមានបន្ទូលហើយថា ព្រះនាមទ្រង់នឹងនៅទីនេះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំ ជាបាវបំរើទ្រង់នឹងទូលដំរង់មកឯទីនេះ ហើយកាលណាទូលបង្គំ ជាបាវបំរើទ្រង់ នឹងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានដំរង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។