១ ពង្សាវតារក្សត្រ 8:22-30

១ ពង្សាវតារក្សត្រ 8:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ព្រះ‌អង្គ​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ខំ​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ​អស់​ពី​ចិត្ត។ ព្រះ‌អង្គ​បាន​រក្សា​សេចក្ដី​សន្យា​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ អ្នក​បម្រើ​របស់​ព្រះ‌អង្គ ជា​បិតា​ទូល‌បង្គំ គឺ​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឧស្ឋ ហើយ​ថ្ងៃ​នេះ​បាន​សម្រេច​ដោយ‌សារ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​អ្នក​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​របស់​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​យើង​ឡើយ ឲ្យ​តែ​កូន​ចៅ​អ្នក​បាន​ប្រុង‌ប្រយ័ត្ន​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​យើង ដូច​ជា​អ្នក​បាន​ដើរ​នោះ​ដែរ"។ ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ទូល‌បង្គំ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ចុះ។ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សម្រែក និង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​សូម​ចំពោះ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌នាម​របស់​ព្រះ‌អង្គ​នឹង​នៅ​ទី​នេះ ដើម្បី​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នឹង​ទូល​តម្រង់​មក​ទី​នេះ។ ហើយ​កាល​ណា​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ នឹង​អធិ‌ស្ឋាន​តម្រង់​មក​ឯ​ទី​នេះ នោះ​សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ពេល​ណា​ព្រះ‌អង្គ​ព្រះ​សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។

១ ពង្សាវតារក្សត្រ 8:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​លើក​ព្រះ‌ហស្ដ​ទៅ​លើ​មេឃ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះអង្គ​ឡើយ។ ព្រះអង្គ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​ដើរ​តាម​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល​នៅ​ចំពោះ​មុខ​យើង​ជានិច្ច។ បពិត្រ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​បម្រើ​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ! តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​អាច​គង់​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង​ក៏​ពុំ​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង ចុះ​ទម្រាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​ទ្រង់​ព្រះ​សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ផង! សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ទី​នេះ​ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អធិស្ឋាន​នៅ​ទី​នេះ សូម​ទ្រង់​ព្រះ​សណ្ដាប់​ផង។ កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!

១ ពង្សាវតារក្សត្រ 8:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក សាឡូម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត ទ្រង់​បាន​កាន់​តាម​សេចក្ដី​សន្យា ដែល​ទ្រង់​មាន​បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូលបង្គំ គឺ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូលបង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រាអែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​បិតា​ទូលបង្គំ គឺ​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ចុះ យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាល‌ម៉ាន​ទៅ​ទៀត ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក នឹង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​ទូល​សូម​ចំពោះ​ទ្រង់​នៅ​ថ្ងៃ​នេះ ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់ បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា ព្រះ‌នាម​ទ្រង់​នឹង​នៅ​ទី​នេះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ ហើយ​កាល​ណា​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ នឹង​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្ដី​ទូល​អង្វរ របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ លុះ​កាល​ណា​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។