១ ពង្សាវតារក្សត្រ 8:1-21
១ ពង្សាវតារក្សត្រ 8:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើកុលសម្ពន័្ធទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក ដូច្នេះ ពួកប្រជាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯព្រះបាទសាឡូម៉ូន នៅវេលាបុណ្យក្នុងខែទីប្រាំពីរ។ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មក ហើយពួកសង្ឃក៏លើកហិបសែងទៅ។ គេនាំយកហិបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក។ រួចព្រះបាទសាឡូម៉ូន និងក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយទ្រង់ នៅត្រង់មុខហិប កំពុងតែបូជាថ្វាយចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ។ រួចពួកសង្ឃក៏សែងយកហិបសញ្ញារបស់ព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបម្រុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីម ក្នុងព្រះវិហារ ដ្បិតចេរូប៊ីមទាំងពីរត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហិបនោះ ចេរូប៊ីមក៏គ្របនៅពីលើហិប និងឈើស្នែងរបស់ហិបផង។ គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ។ ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។ គ្រានោះ ព្រះបាទសាឡូម៉ូនបានពោលថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់។ ដូច្នេះ ទូលបង្គំបានស្អាងព្រះដំណាក់ ថ្វាយព្រះអង្គគង់ទុកជាទីលំនៅឲ្យព្រះអង្គគង់ នៅអស់កល្បជានិច្ច»។ រួចស្ដេចបែរព្រះភក្ត្រមក ប្រទានពរដល់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងឈរនៅ ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលសម្រេចតាមរយៈព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌបិតារបស់យើងថា "ចាប់តាំងពីថ្ងៃដែលយើងបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះយើងបាននៅទីនោះឡើយ តែយើងបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រអញ"។ រីឯបំណងព្រះហឫទ័យនៃដាវីឌជាបិតាយើង ទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ តែព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះយើង នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ ប៉ុន្តែ ឯងមិនត្រូវស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសម្រាប់ឈ្មោះយើងវិញ"។ ដូច្នេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ យើងបានតាំងកន្លែងនៅទីនេះ ទុកសម្រាប់ហិបដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានតាំងនឹងបុព្វបុរសយើង កាលពីព្រះអង្គនាំគេចេញពីស្រុកអេស៊ីព្ទ»។
១ ពង្សាវតារក្សត្រ 8:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកគាល់ស្ដេចនៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។ ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ ពេលអស់លោកព្រឹទ្ធាចារ្យមកដល់ ក្រុមបូជាចារ្យក៏លើកហិបនៃសម្ពន្ធមេត្រីសែង។ ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។ ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកថ្វាយជាយញ្ញបូជា។ បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ត្រង់កន្លែង ដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។ ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។ ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ នៅក្នុងហិប គ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។ កាលអស់លោកបូជាចារ្យ*ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពក*ពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ដោយសារតែពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងពពកដ៏ក្រាស់! ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច»។ ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសម្តែងព្រះបារមី ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ គឺព្រះអង្គមានព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។ ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សម្រាប់យើងដូច្នេះ ជាការប្រសើរណាស់ តែមិនមែនអ្នកទេ ដែលនឹងសង់ព្រះដំណាក់នោះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សម្រាប់យើង”។ ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។ ខ្ញុំបានរៀបចំកន្លែងមួយ សម្រាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់យើង នៅពេលព្រះអង្គនាំពួកលោកចេញពីស្រុកអេស៊ីប»។
១ ពង្សាវតារក្សត្រ 8:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកអ្នកដែលជាប្រធានលើពូជអំបូរទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក ដូច្នេះ ពួកបណ្តាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯស្តេចសាឡូម៉ូន នៅវេលាបុណ្យ ក្នុងខែអស្សុជ គឺជាខែទី៧ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មក ហើយពួកសង្ឃក៏លើកហឹបសែងទៅ គេនាំយកហឹបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ នឹងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ នឹងពួកលេវីដែលសែងឡើងមក រួចស្តេចសាឡូម៉ូន នឹងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយនឹងទ្រង់ នៅត្រង់មុខហឹប កំពុងតែបូជាថ្វាយចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាចូលទៅ ដំកល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ ដ្បិតចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងដែលដំកល់ទុកហឹបនោះ ចេរូប៊ីនក៏គ្របនៅពីលើហឹប នឹងឈើស្នែង របស់ហឹបផង គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។ គ្រានោះ សាឡូម៉ូនទ្រង់ពោលថា ព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់នឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់ ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ ទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់មានបន្ទូលនឹងដាវីឌ ជាបិតានៃយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចព្រះបន្ទូលនោះ ដោយសារព្រះហស្តទ្រង់ថា ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងមានចិត្តចង់ស្អាងវិហារសំរាប់ឈ្មោះអញ នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហឹប ដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលទ្រង់បានតាំងនឹងពួកឰយុកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក។