១ ពង្សាវតារក្សត្រ 7:1-51

១ ពង្សាវតារក្សត្រ 7:1-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​សាឡូម៉ូន​បាន​សង់​ដំណាក់​របស់​ទ្រង់ អស់​រយៈ​ពេល​ដប់​បី​ឆ្នាំ ទើបសង់​រួច​រាល់​ទាំង​អស់។ ទ្រង់​បាន​សង់​មន្ទីរ​ព្រៃ​ល្បាណូន មាន​បណ្តោយ​មួយរយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កម្ពស់​សាមសិប​ហត្ថ មាន​សសរ​តា‌ត្រៅ​បួន​ជួរ ដាក់​ធ្នឹម​តា‌ត្រៅ​នៅ​លើ​សសរ​ទាំង​នោះ ក៏​ប្រក់​ដោយ​ឈើ​តា‌ត្រៅ នៅ​លើ​ធ្នឹម​ទាំង​សែសិបប្រាំ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​មួយ​ជួរ​មាន​ដប់ប្រាំ។ ឯ​បង្អួច​មាន​បី​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​បី​ជាន់។ ទ្វារ​ទាំង​អស់ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​បួន​ជ្រុង ព្រម​ទាំង​បង្អួច​បី​ជាន់ ប្រទល់​គ្នា​នោះ​ដែរ។ ទ្រង់​ក៏​ធ្វើ​ថែវ​ដោយ​មាន​សសរ ថែវ​នោះ​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​សាមសិប​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​ជុំ‌វិញ។ ទ្រង់​ក៏​ធ្វើ​មន្ទីរ​ថែវ​សម្រាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តា‌ត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិតាន។ ដំណាក់​ដែល​ទ្រង់​គង់​នៅ ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី​ធ្លា​មួយ​ទៀត ក៏​នៅ​ខាង​អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​មួយ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សម្រាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។ ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ​ដោយ​ថ្ម​មាន​តម្លៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម​ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី​ធ្លា​ធំ​ដែរ។ ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម​មាន​តម្លៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​ដប់​ហត្ថ ខ្លះ​ប្រាំបី​ហត្ថ ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម​ដែល​មាន​តម្លៃ ដាប់​តាម​ទំហំ និង​ឈើ​តា‌ត្រៅ​ផង ឯ​ទី​ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់​នៅ​ជុំ‌វិញ ដូច​ជា​ទី‌លាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ដូច​ជា​ថែវ​នៃ​ព្រះ‌វិហារ​ដែរ។ ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​មក។ អ្នក​នោះ​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ក្នុង​កុល‌សម្ពន័្ធ​ណែប‌ថា‌លី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី​ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ព្រះបាទ​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់។ គាត់​សិត​ធ្វើ​សសរ​ពីរ​ដោយ​លង្ហិន ទាំង​ពីរ​មាន​កម្ពស់​ដប់​ប្រាំបី​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំ‌វិញ នោះ​ត្រូវ​ជា​ដប់ពីរ​ហត្ថ​ក្នុង​សសរ​មួយៗ។ គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​ពីរ​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​ពីរ មួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ​ដូច​គ្នា។ មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កម្រង​ច្រវាក់​ប្រាំពីរ​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​ពីរ​នោះ។ គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​ពីរ ហើយ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ​ព័ទ្ធ​ជុំ‌វិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សម្រាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​ពីរ។ ឯ​ក្បាល​សសរ​នៃ​ថែវ​មាន​កម្ពស់​បួន​ហត្ថ ក៏​មាន​ក្បាច់​ជា​ផ្កា​ច័ន្ធូ មាន​ក្បាល​នៅ​លើ​សសរ​ទាំង​ពីរ​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​ពីររយ រៀប​ជា​ពីរ​ជួរ​នៅ​ព័ទ្ធ​ជុំ‌វិញ​សសរ​ទាំង​ពីរ​នោះ​ដូច​គ្នា។ គាត់​ក៏​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ​ឡើង នៅ​ត្រង់​ថែវ​នៃ​ព្រះ‌វិហារ កាល​គាត់​បាន​លើក​សសរ​ខាង​ស្តាំ​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា យ៉ាគិន រួច​កាល​គាត់​លើក​សសរ​ខាង​ឆ្វេង​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា បូអូស។ នៅ​ខាង​លើ​សសរ​មាន​ក្បាច់​ផ្កា​ច័ន្ធូ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​រួច​ជា​ស្រេច។ បន្ទាប់​មក គាត់​ក៏​ធ្វើ​ជា​សមុទ្រ​ពី​លង្ហិន មាន​រាង​មូល​ទំហំ​ដប់​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កម្ពស់​ប្រាំ​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំ‌វិញ នោះ​ត្រូវ​ជា​សាមសិប​ហត្ថ។ នៅ​ក្រោម​គែម​ជុំ‌វិញ មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់​ក្នុង​មួយ​ហត្ថ នៅ​ព័ទ្ធ​ជុំ‌វិញ ផ្កា​ក្រពុំ​ទាំង​នោះ​បាន​សិត​ជា​ពីរ​ជួរ ក្នុង​កាល​ដែល​គេ​សិត​សមុទ្រ​នោះ​តែ​ម្តង។ ក៏​ដាក់​លើ​រូប​គោ​ដប់ពីរ ដែល​មាន​បី​បែរ​ទៅ​ខាង​ជើង បី​បែរ​ទៅ​ខាង​លិច បី​បែរ​ទៅ​ខាង​ត្បូង ហើយ​បី​បែរ​ទៅ​ខាង​កើត សមុទ្រ​នោះ​បាន​ដាក់​តម្កល់​លើ​ខ្នង​គោ ហើយ​គូថ​របស់​គោ​ទាំង​នោះ បែរ​ទៅ​ខាង​ក្នុង​ទាំង​អស់។ តួ​សមុទ្រ​នោះ​មាន​កម្រាស់​មួយ​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​ពីរ​ពាន់​អម្រែក ។ គាត់​ក៏​ធ្វើ​គ្រោង​លង្ហិន​ដប់ បណ្តោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ ហើយ​កម្ពស់​បី​ហត្ថ គ្រោង​ទាំង​នោះ​បាន​ធ្វើ​យ៉ាង​ដូច្នេះ គឺ​មាន​បន្ទះ​ដែល​មាន​ក្រប​ជុំ‌វិញ ហើយ​មាន​ក្រប​ខណ្ឌ​កណ្ដាល​ទៀត។ ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​ក្រប នោះ​មាន​ឆ្លាក់​ជា​រូប​សិង្ហ គោ និង​ចេរូ‌ប៊ីម ឯ​នៅ​ខាង​លើក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ និង​គោ​នោះ មាន​ក្បាច់​រំយោល គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​បួន និង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​បួន​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កម្រង​ខាងៗ​ទាំង​អស់។ ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កម្ពស់​មួយ​ហត្ថ រាង​មូល​មួយ​ហត្ថ​កន្លះ មាន​ក្បាច់​ចម្លាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​បួន​ជ្រុង​វិញ មិន​មែន​មូល​ទេ។ ឯ​ខាង​ក្រោម​បន្ទះ នោះ​មាន​កង់​បួន ភ្លៅ​កង់​ទាំង​នោះ​នៅ​ជាប់​នឹង​តួ​គ្រោង កង់​មួយ​កម្ពស់​មួយ​ហត្ថ​កន្លះ។ ឯ​របៀប​ធ្វើ​កង់​ទាំង​នោះ ក៏​ដូច​ជា​ធ្វើ​កង់​រទេះ​ចម្បាំង គឺ​មាន​ទាំង​ភ្លៅ ទាំង​ខ្នង​កង់ ទាំង​កាំ និង​ដុំ​ផង គ្រឿង​ទាំង​នោះ​បាន​សិត​ដោយ​លង្ហិន​ទាំង​អស់។ នៅ​ត្រង់​ជ្រុង​ទាំង​បួន​របស់​គ្រោង​ទាំង​នោះ មាន​កំណល់​ដែល​សិត​ជាប់​ជា‌មួយ​តួ​គ្រោង​នោះ​ឯង។ ហើយ​ពី​ខាង​លើ​ជញ្ជាំង​គ្រោង​នោះ មាន​បន្ទះ​ចេញ​ជា​រាង​មូល កម្ពស់​កន្លះ​ហត្ថ ឯ​ខាង​លើ​បន្ទះ​នោះ និង​ជើង​កំណល់ បាន​ភ្ជាប់​ជា‌មួយ​គ្នា គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម សិង្ហ និង​ដើម​លម៉ើ នៅ​នឹង​បន្ទះ​ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ​ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំ‌វិញ​ដែរ។ គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​គ្រោង​ទាំង​ដប់​នោះ ទាំង​អស់​សិត​ពី​ពុម្ព​តែ​មួយ មាន​ទំហំ​មាន​រាង​ដូច​គ្នា។ គាត់​ក៏​ធ្វើ​បាន​ក្លាំ​លង្ហិន​ដប់ ចាន​នីមួយៗ​ចំណុះ​ទឹក​សែសិប​អម្រែក មាន​ទំហំ​បួន​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​ដប់ នោះ​មាន​ចាន​ក្លាំ​មួយៗ រួច​គាត់​ដាក់​គ្រោង​ប្រាំ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ប្រាំ​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។ ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​សសរ​ទាំង​ពីរ តួ​ក្បាល​សសរ​ទាំង​ពីរ ដែល​នៅ​លើ​កំពូល​សសរ និង​ក្បាច់​ក្រឡា​អួន សម្រាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំ‌វិញ ហើយ​ផ្លែ​ទទឹម​ទាំង​បួនរយ សម្រាប់​ក្បាច់​ក្រឡា​អួន​នោះ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្បាច់​ក្រឡា​អួន​មួយៗ ដើម្បី​នឹង​បាំង​ទី​ភ្ជាប់​តួ​ក្បាល​សសរ​ទាំង​ពីរ​នោះ ព្រម​ទាំង​គ្រោង​ដប់ និង​ចាន​ក្លាំ​ដប់ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ និង​សមុទ្រ​មួយ ហើយ​គោ​ទាំង​ដប់ពីរ ដែល​ទ្រ​ពី​ខាង​ក្រោ​ម។ ហើយ​ទាំង​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង។ ស្តេច​បាន​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្ដាល​ភូមិ​ស៊ូកូថ និង​សារ‌ថាន។ ព្រះបាទ​សាឡូម៉ូន​មិន​បាន​ថ្លឹង​របស់​ទាំង​នោះ​ទេ ព្រោះ​មាន​ច្រើន​ក្រៃ‌លែង ហើយ​ដែល​លង្ហិន​ទាំង​នោះ​ទម្ងន់​ប៉ុណ្ណា នោះ​ក៏​គ្មាន​អ្នក​ណា​រក​ដឹង​បាន​ឡើយ។ ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រប់​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​អាស‌នា​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​តាំង​ទុក ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ប្រាំ​ខាង​ស្តាំ ប្រាំ​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស ហើយ​ទាំង​ឆ្នាំង ដង្កៀង ចាន​គោម កូន​ចាន និង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សម្រាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សម្រាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។ ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​របស់​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

១ ពង្សាវតារក្សត្រ 7:1-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​វាំង​របស់​ស្ដេច​វិញ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។ ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។ រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែ‌សិប​ប្រាំ​ដើម តម្រៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ​មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។ នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។ មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​ទល់​មុខ​គ្នា។ ស្ដេច​សង់​បន្ទប់​ល្វែង​មួយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​សាម‌សិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។ ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។ រីឯ​ដំណាក់​សម្រាប់​ស្ដេច​គង់​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទីធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សម្រាប់​ព្រះ‌មហេសី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។ ដំណាក់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​អារ​តម្រឹម​តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទីធ្លា​ធំ​ផង។ គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។ គេ​យក​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។ នៅ​ជុំ‌វិញ​ទីធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សម្រាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះ‌ដំណាក់​ដែរ។ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស។ គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម​ជា​ជាង​លង្ហិន​មួយ​រូប​ដ៏​ចំណាន ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ថ្វាយ​ស្ដេច។ លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កម្ពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំ‌វិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។ គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។ គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់ តុប‌តែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កម្រង​ច្រវាក់​ប្រាំ‌ពីរ​ខ្សែ។ គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំ‌វិញ​ក្បាច់​ក្រឡា‌អួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។ នៅ​លើ​សសរ​នីមួយៗ​នៃ​បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កម្ពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។ នៅ​ផ្នែក​ខាង​លើ​ក្បាល​សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ​រយ​ត្រង់​គែម​ក្បាច់​ក្រឡា‌អួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ​រយ​ទៀត​តម្រៀប​គ្នា​ជា​ជួរ​ដែរ។ គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះ‌វិហារ។ សសរ​នៅ​ខាង​ស្ដាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង​មាន​ឈ្មោះ​ថា បូអូស។ ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។ លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កម្ពស់​ប្រាំ​ហត្ថ និង​ជុំ‌វិញ​រង្វង់​សាម‌សិប​ហត្ថ។ នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ​មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំ‌វិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។ អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។ អាង​នេះ​មាន​កម្រាស់​មួយ​ទះ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ​ពាន់​អម្រែក។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កម្ពស់​បី​ហត្ថ។ គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តម្រៀប​គ្នា​នៅ​លើ​គ្រោង។ នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ​មាន​ឆ្លាក់​រូប​សិង្ហ គោ ចេរូប៊ីន។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សិង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។ រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។ ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ​មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។ រីឯ​កង់​ទាំង​បួន​វិញ​ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។ ជើង​សម្រាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិត‌ភ្ជាប់​ទៅ​នឹង​តួ។ ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ​ក៏​មាន​ជើង​កំណល់ សិត‌ភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។ គាត់​ឆ្លាក់​ក្បាច់​ចេរូប៊ីន សិង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់​ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំ‌វិញ​ផង។ គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហ‌ធាតុ​តែ​មួយ​ដុំ។ លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់ សម្រាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កម្ពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែ‌សិប​អម្រែក។ គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អគ្នេយ៍។ កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ចការ​ទាំង​អស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន គឺ​មាន សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សម្រាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡា‌អួន​ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។ ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា‌អួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្រឡា‌អួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។ រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។ អាង​ធំ​មួយ និង​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង។ ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។ ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។ ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ​ដាក់​នៅ​មុខ​ទីសក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។ ចាន‌ក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង ហៅ​ថា​ទីសក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ព្រះ‌ដំណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

១ ពង្សាវតារក្សត្រ 7:1-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សាឡូម៉ូន​ទ្រង់​ក៏​សង់​ដំណាក់​របស់​ទ្រង់ ក្នុង​រវាង​អស់​១៣​ឆ្នាំ ទើប​បាន​ស្រេច​ទាំង​អស់ ទ្រង់​បាន​សង់​មន្ទីរ​នៃ​ព្រៃ​ល្បាណូន មាន​បណ្តោយ​១០០​ហត្ថ ទទឹង​៥០​ហត្ថ នឹង​កំពស់​៣០​ហត្ថ មាន​សសរ​តាត្រៅ​៤​ជួរ ដាក់​ធ្នឹម​តាត្រៅ​នៅ​លើ​សសរ​ទាំង​នោះ ក៏​ប្រក់​ដោយ​ឈើ​តាត្រៅ នៅ​លើ​ធ្នឹម​ទាំង​៤៥ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​១​ជួរ​មាន​១៥ ឯ​បង្អួច​មាន​៣​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​៣​ជាន់ អស់​ទាំង​ទ្វារ នឹង​ក្រប ក៏​ធ្វើ​ពី​ឈើ​៤​ជ្រុង ព្រម​ទាំង​បង្អួច​៣​ជាន់ ប្រទល់​គ្នា​នោះ​ដែរ ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ នឹង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរនឹង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ ទ្រង់​ក៏​ធ្វើ​មន្ទីរ​បាំង‌សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តាត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិតាន ឯ​ដំណាក់​ដែល​ទ្រង់​គង់​នៅ នោះ​បាន​ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី‌ធ្លា​១​ទៀត ក៏​នៅ​ខាង‌អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​១ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សំរាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។ ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ ដោយ​ថ្ម​មាន​ដំឡៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី‌ធ្លា​ធំ​ដែរ ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម មាន​ដំឡៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​១០​ហត្ថ ខ្លះ​៨​ហត្ថ ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម ដែល​មាន​ដំឡៃ ដាប់​តាម​ទំហំ នឹង​ឈើ​តាត្រៅ​ផង ឯ​ទី‌ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​៣​ជាន់ នឹង​ឈើ​តាត្រៅ​១​ជាន់​នៅ​ជុំវិញ ដូច​ជា​ទីលាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ហើយ​ដូច​ជា​បាំង‌សាច​នៃ​ព្រះ‌វិហារ​ដែរ។ ស្តេច​សាឡូម៉ូន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​រក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​នាំ​មក អ្នក​នោះ​ជា​កូន​របស់​ស្រី​មេម៉ាយ​ម្នាក់​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី‌ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ស្តេច​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់ គាត់​សិត​ធ្វើ​សសរ​២​ដោយ​លង្ហិន ទាំង​២​មាន​កំពស់​១៨​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​១២​ហត្ថ​ក្នុង​សសរ​មួយៗ គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​២​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​២ មួយៗ​មាន​កំពស់​៥​ហត្ថ​ដូច​គ្នា មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កំរង​ច្រវាក់​៧​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​២​នោះ គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​២ ហើយ​មាន​ផ្លែ​ទទឹម​២​ជួរ​ព័ទ្ធ​ជុំវិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សំរាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​២ ឯ​ក្បាល​សសរ​នៃ​បាំង‌សាច​មាន​កំពស់​៤​ហត្ថ ក៏​មាន​ក្បាច់​ជា​ផ្កា​ច័ន្ធូ មាន​ក្បាល​នៅ​លើ​សសរ​ទាំង​២​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​២០០ រៀប​ជា​២​ជួរ​នៅ​ព័ទ្ធ​ជុំវិញ​សសរ​ទាំង​២​នោះ​ដូច​គ្នា គាត់​ក៏​លើក​សសរ​ទាំង​២​នោះ​បញ្ឈរ​ឡើង នៅ​ត្រង់​បាំង‌សាច​នៃ​ព្រះ‌វិហារ កាល​គាត់​បាន​លើក​សសរ​ខាង​ស្តាំ​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា យ៉ាគិន រួច​កាល​គាត់​លើក​សសរ​ខាង​ឆ្វេង​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា បូអូស នៅ​ខាង​លើ​សសរ​មាន​ក្បាច់​ផ្កា​ច័ន្ធូ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​រួច​ជា​ស្រេច។ គាត់​ក៏​សិត​ធ្វើ​ជា​សមុទ្រ មាន​រាង​មូល​ទំហំ​១០​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កំពស់​៥​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​៣០​ហត្ថ នៅ​ក្រោម​គែម​ជុំវិញ មាន​ក្បាច់​ផ្កា​ក្រពុំ​១០​ក្នុង​១​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ ផ្កា​ក្រពុំ​ទាំង​នោះ​បាន​សិត​ជា​២​ជួរ ក្នុង​កាល​ដែល​គេ​សិត​សមុទ្រ​នោះ​តែ​ម្តង ក៏​ដាក់​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នោះ​បាន​ដាក់​ដំកល់​លើ​ខ្នង​គោ ហើយ​គូថ​របស់​គោ​ទាំង​នោះ បែរ​ទៅ​ខាង​ក្នុង​ទាំង​អស់ តួ​សមុទ្រ​នោះ​មាន​កំរាស់​១​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​២​ពាន់​អម្រែក។ គាត់​ក៏​ធ្វើ​គ្រោង​លង្ហិន​១០ បណ្តោយ​៤​ហត្ថ ទទឹង​៤​ហត្ថ ហើយ​កំពស់​៣​ហត្ថ គ្រោង​ទាំង​នោះ​បាន​ធ្វើ​យ៉ាង​ដូច្នេះ គឺ​មាន​បន្ទះ ដែល​មាន​ក្រប​ជុំវិញ ហើយ​មាន​ក្រប​ខណ្ឌ​កណ្តាល​ទៀត ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ក្រប នោះ​មានឆ្លាក់​ជា​រូប​សិង្ហ គោ ហើយ​នឹង​ចេរូប៊ីន ឯ​នៅ​ខាង​លើ​ក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ នឹង​គោ​នោះ មាន​ក្បាច់​រំយោល គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​៤ នឹង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​៤​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កំរង​ខាងៗ​ទាំង​អស់ ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កំពស់​១​ហត្ថ រាង​មូល​១​ហត្ថ​កន្លះ មាន​ក្បាច់​ចំឡាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​៤​ជ្រុង​វិញ មិន​មែន​មូល​ទេ ឯ​ខាង​ក្រោម​បន្ទះ នោះ​មាន​កង់​៤ ភ្លៅ​កង់​ទាំង​នោះ​នៅ​ជាប់​នឹង​តួ​គ្រោង កង់​១​កំពស់​១​ហត្ថ​កន្លះ ឯ​របៀប​ធ្វើ​កង់​ទាំង​នោះ ក៏​ដូច​ជា​ធ្វើ​កង់​រទេះ​ចំបាំង គឺ​មាន​ទាំង​ភ្លៅ ទាំង​ខ្នង​កង់ ទាំង​កាំ នឹង​ដុំ​ផង គ្រឿង​ទាំង​នោះ​បាន​សិត ដោយ​លង្ហិន​ទាំង​អស់ នៅ​ត្រង់​ជ្រុង​ទាំង​៤​របស់​គ្រោង​ទាំង​នោះ មាន​កំណល់​ដែល​សិត​ជាប់​ជា​មួយ​នឹង​តួ​គ្រោង​នោះ​ឯង ហើយ​ពី​ខាង​លើ​ជញ្ជាំង​គ្រោង​នោះ មាន​បន្ទះ​ចេញ​ជា​រាង​មូល កំពស់​កន្លះ​ហត្ថ ឯ​ខាង​លើ​បន្ទះ​នោះ នឹង​ជើង​កំណល់ បាន​ភ្ជាប់​ជា​មួយ​គ្នា គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន សិង្ហ នឹង​ដើម​លម៉ើ នៅ​នឹង​បន្ទះ ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំវិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​គ្រោង​ទាំង​១០​នោះ ទាំង​អស់​សិត​ពី​ពុម្ព​តែ​១ មាន​ទំហំ​មាន​រាង​ដូច​គ្នា។ គាត់​ក៏​ធ្វើ​ចាន​ក្លាំ​លង្ហិន​១០ ចាន​មួយៗ​ចំណុះ​ទឹក​៤០​អម្រែក មាន​ទំហំ​៤​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​១០ នោះ​មាន​ចាន​ក្លាំ​មួយៗ រួច​គាត់​ដាក់​គ្រោង​៥​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​៥​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។ ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ នឹង​ក្បាច់​ក្រឡា​អួន សំរាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំវិញ ហើយ​ផ្លែ​ទទឹម​ទាំង​៤០០ សំរាប់​ក្បាច់​ក្រឡា​អួន​នោះ គឺ​ផ្លែ​ទទឹម​២​ជួរ​សំរាប់​ក្បាច់​ក្រឡា​អួន​មួយៗ ដើម្បី​នឹង​បាំង​ទី​ភ្ជាប់​តួ​ក្បាល​សសរ​ទាំង​២​នោះ ព្រម​ទាំង​គ្រោង​១០ នឹង​ចាន​ក្លាំ​១០ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ នឹង​សមុទ្រ​១ ហើយ​គោ​ទាំង​១២ ដែល​ទ្រ​ពី​ខាង​ក្រោម ហើយ​ទាំង​ឆ្នាំង ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង ស្តេច​ទ្រង់​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្តាល​ភូមិ​សិកូតនឹង​សារ‌ថាន សាឡូម៉ូន​ទ្រង់​មិន​បាន​ថ្លឹង​របស់​ទាំង​នោះ​ទេ ពី​ព្រោះ​មាន​ច្រើន​ក្រៃ‌លែង ហើយ​ដែល​លង្ហិន​ទាំង​នោះ​ទំងន់​ប៉ុណ្ណា នោះ​ក៏​គ្មាន​អ្នក​ណា​រក​ដឹង​បាន​ឡើយ។ រួច​មក សាឡូម៉ូន​ក៏​ធ្វើ​គ្រប់​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​អាសនា​មាស តុ​មាស​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ៥​ខាង​ស្តាំ ៥​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង នឹង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស ហើយ​ទាំង​ឆ្នាំង ដង្កៀប ចាន‌គោម កូន​ចាន នឹង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សំរាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សំរាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។ ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។